ឯកឧត្តម ស សុខា ៖ ចំពោះការផ្តល់សេវាសាធារណៈផ្សេងៗ ត្រូវធ្វើឡើងដោយមានតម្លាភាព ចៀសវាងឲ្យខាងតែបាននូវការប្រកាន់បក្ខពួក ឬនិន្នាការនយោបាយ

1

ព្រៃវែង៖ «ចំពោះការផ្តល់សេវាសាធារណៈផ្សេងៗ ត្រូវធ្វើឡើងដោយមានតម្លាភាព ចៀសវាងឲ្យខាងតែបាននូវការប្រកាន់បក្ខពួក ឬនិន្នាការនយោបាយ។ សូមចងចាំថាការរើសអើស នឹងនាំទៅដល់ការបែកបាក់សាមគ្គីនៅក្នុងសង្គម និងអាចនាំឈានទៅដល់ការបែកបាក់ជាតិបាន។ យើងបានខិតខំរួមគ្នា ឆ្លងកាត់ការលំបាកច្រើនណាស់ ទម្រាំតែឈានមកដល់ដំណាក់កាលរីកចម្រើនដូចជាសព្វថ្ងៃនេះ បើសិនជាបណ្តោយឲ្យប្រទេសជាតិបែកបាក់ ឬផ្ទុះសង្គ្រាមសារជាថ្មីនោះ អ្វីៗដែលយើងកំពុងមាននៅពេលនេះ នឹងអាចរលាយបាត់តែមួយពព្រិចភ្នែក»។ នេះជាការលើកឡើងឯកឧត្តម ស សុខា ក្នុងឱកាសឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធចំនួន ១៤១៧នាក់ ក្នុងស្រុកពោធិ៍រៀង នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ ឯកឧត្តម ស សុខា បានបន្តថា តាមរយៈបទពិសោធដ៏សែនជូរចត់ដែលកម្ពុជារបស់យើងធ្លាប់ហែលកន្លងមក ខ្ញុំជឿជាក់ថា ប្រហែលជាលោកយាយ លោកតា ពុកម៉ែ អ៊ុំ ពូមីង ដែលមានវត្តមាននៅទីនេះទាំងអស់ ចង់ឲ្យកើតជម្លោះបែកបាក់សារជាថ្មីទៀតនោះឡើយ។ ក្នុងន័យនេះដែរ ខ្ញុំសូមឲ្យមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រៅពីឆ្លើយតបនូវរាល់តម្រូវការរបស់ពលរដ្ឋមូលដ្ឋានហើយនោះ សូមព្យាយាមដកខ្លួនឲ្យឆ្ងាយពីអំពើអសកម្មនានាដែលបង្កឡើងដោយជនខិលខូច ក្រុមឱកាសនិយម និងសូមកុំចូលទៅពាក់ព័ន្ធនឹងអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ ការជួញដូរ ចែកចាយគ្រឿងញៀនឲ្យសោះ ត្រូវរួមគ្នាគោរព និងអនុវត្តច្បាប់ដើម្បីផ្តល់នូវភាពជាគំរូដល់ពលរដ្ឋ និងឈានទៅលើកកម្ពស់នីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា កាន់តែប្រសើរថែមទៀត។

ជាមួយគ្នានោះ ឯកឧត្ដម ស សុខា ក៏បានស្នើដល់«មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវឲ្យបន្តខិតខំបម្រើ និងដោះស្រាយសំណូមពរ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវពង្រឹងការគោរពច្បាប់ វិន័យ សីលធម៌ វិជ្ជាជីវៈ បទបញ្ជាផ្ទៃក្នុង និងខិតខំលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួនស្របតាមទិសដៅ ផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់ក្រសួង ស្ថាប័ន អង្គភាពសាមី សំដៅធានាប្រសិទ្ធភាព និងនិរន្តរភាពការងាររដ្ឋគ្រប់ថ្នាក់ គ្រប់វិស័យ»។

ទន្ទឹមនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ខេត្តព្រៃវែង ជាខេត្តមួយដែលមានកម្មករ ពលករចំណាកស្រុកច្រើន គួរឲ្យកត់សម្គាល់។ ជាក់ស្តែងយោងតាមតួលេខពីក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង បានឲ្យដឹងថា មានមនុស្សជិត ២សែននាក់ ក្នុងនោះមានស្ត្រីប្រហែលពាក់កណ្តាល បានចំណាកស្រុក ទាំងក្នុង និងក្រៅប្រទេស។ ក្នុងនោះមានកម្មករ ពលករចំណាកស្រុកក្រៅប្រទេស ជាង ២ម៉ឺននាក់ (ស្ត្រីជាង ៨ពាន់នាក់)។

ក្នុងពិធីខាងលើ ឯកឧត្តម ស សុខា ស្នើឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ និងតាមដានស្ថានភាពជីវភាពរបស់បងប្អូនទាំងនោះ រួមទាំងធ្វើយ៉ាងណាធានាឲ្យបានថា បងប្អួនពលកររបស់យើង ចៀសផុតពីអំពើរំលោភបំពាន និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជាពិសេសអំពើជួញដូរមនុស្ស ក៏ដូចជារំលោភបំពានផ្លូវភេទជាដើម៕