នៅក្នុងរយៈពេល២០ឆ្នាំមកនេះ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល បានបណ្តុះយុវជនកម្ពុជារាប់ពាន់នាក់ ឱ្យក្លាយជាអ្នកជំនាញពិតប្រាកដ និងជាសាលាដំបូងគេបង្អស់ និងឈានមុខគេក្នុងតំបន់អាស៊ាន

0

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍នៅក្នុងពិធី ប្រារព្ធខួបទី២០ឆ្នាំ របស់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល នៅខេត្តសៀមរាប នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះថា យើងដឹងច្បាស់ណាស់ថា យុវជនកម្ពុជារាប់ពាន់នាក់ រាប់ពាន់គ្រួសារ រាប់ពាន់អាជីវកម្មទេសចរណ៍ បានទទួលប្រយោជន៍ ដោយផ្ទាល់ពីសាលា សណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល ហើយដែលទាំងនេះកើតចេញពីបេះដូង និងទឹកចិត្តសប្បុរស របស់លោកប៉ូល ឌុយប្រ៊ូល និងគ្រួសារផ្ទាល់។

គិតមកដល់បច្ចុប្បន្ន លោក ប៉ូល ឌុយប្រ៊ូល និងគ្រួសារ បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជាង ៩លានដុល្លារអាម៉េរិក និងរៃអង្គាសពីសប្បុរជន បានប្រមាណជាង ៦ លានដុល្លារ។ ដូចនេះ ការឧបត្ថម្ភសរុបមានប្រមាណជាង ១៥ លានដុល្លារ។ ជួសមុខឱ្យមាតាបិតាសិស្ស អតីតសិស្ស ឯកឧត្តមរដ្ឋមន្រ្តី បានដឹងគុណដ៏ជ្រាលជ្រៅមិនអាចបំភ្លេចបាន។