រថយន្តសេរីទំនើបមួយគ្រឿងម៉ាក់ឡិចស៊ីសRX350 ក្រឡាប់ផ្ងារជើងច្រងាងៗបន្ទាប់ពីបើកបុកខឿនឡើងលើចិញ្ចើមផ្លូវ…

16

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តឡិចស៊ីសRX350​ក្នុងល្បឿនយ៉ាងលឿនធ្វើឱ្យរេចង្កូតឡើងលើខឿនចិញ្ចើមផ្លូវ ហោះទៅបុកស្លាកផ្សាយពាណិជ្ជកម្មបណ្ដាលឱ្យបាក់អស់មួយដើម​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​កាលពីវេលាម៉ោង៣​ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុចមុខវត្តចាក់អង្រែលើ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

 

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តឡិចស៊ីសRX350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH-7089 បើកតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងទិសដៅពីជើងទៅត្បូង (ពីស្ពានអាកាសក្បាលថ្នល់ទៅតាខ្មៅ) ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកខាងស្តាំដៃឡើងលើខឿនថ្ម ចិញ្ចើមផ្លូវ ហោះទៅបុកស្លាកសញ្ញាផ្សាយពាណិជ្ជកម្មបណ្ដាលឱ្យបាក់អស់មួយដើម​ ឯរថយន្តបង្កក្រឡាប់ផ្ងារជើងឡើងលើ ។

ភ្លាមនោះគេឃើញអ្នកបើកបរជាបុរសម្នាក់បានបើកកញ្ចក់ទ្វារខាងក្រោយលូនចេញពីរថយន្តហើយក៏គេចខ្លួនបាត់តែម្តង ចំណែករថយន្តក៏មានផ្សែងហុយចេញពីម៉ាស៊ីនបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាហៅរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុចំនួនពីរគ្រឿងតែមិនបានបាញ់ទឺកពន្លត់នោះទេ​ ពីព្រោះរថយន្តបានរលត់ទៅវិញ។ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ដេីម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕