ឯកឧត្តម សាន់ យូ ដឹកនាំកំលាំងបញ្ជាការឯកភាពស្រុកបរិបូណ៌ ចុះបង្ក្រាបបទល្មើសដែលនៅសេសសល់ស្ថិតក្នុងភូមិសាស្ត្រភូមិឆ្នុកទ្រូ!!!!

1

ខេត្តកំពង់ឆ្នាំង :ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយអភិបាលខេត្ត ធ្លាប់បានអះអាងថា នឹងបង្ក្រាបបទល្មើសឲ្យអស់ក្នុងទូកទាំងដែនទឹកក្នុងខេត្តកំពង់ឆ្នាំងអោយអស់ ហើយការបង្ក្រាបនិងធ្វើជាបន្តបន្ទាប់ដូចភ្លៀងរលឹម ដើម្បីធានាបាននៅពូជត្រី ធនធានមច្ឆា នៅក្នុងទឹកសម្រាប់បម្រើប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចទូទាំងប្រទេសផងដែរ។

នៅព្រឹកថ្ងៃទី ០៦ ខែ១០ ឆ្នាំ២០២២ អាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក សាន់ យូ អភិបាលរងខេត្ត និងជាប្រធានក្រុមចម្រុះបង្ក្រាបបទល្មើសនេសាទទូទាំងខេត្ត បានដឹកនាំកម្លាំងចម្រុះធ្វើការចុះពិនិត្យបទល្មើសនេសាទ និងពិនិត្យស្ថានភាពទឹកទន្លេដែលបានឡើងខ្ពស់។ ដោយមានលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌អភិបាលរងស្រុក កងកម្លាំងទាំងបីប្រភេទ បរិស្ថាន លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងនិងអាជ្ញាធរឃុំផងដែរ ។

ក្នុងប្រតិបត្តិការនេះគឺបានធ្វើឡើងដោយព្រំប្រទល់រវាងឃុំត្រពាំងចាន់និងឃុំឆ្នុកទ្រូ នៅចំណុចភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ កម្លាំងសរប២២នាក់ មធ្យោបាយធ្វើដំណើររួមមាន ទូកបាឡាស្មាច់ចំនួន០៣គ្រឿង និងបង្ក្រាបបានបទល្មើសនេសាទរបាំងសាច់អួន នៅចំណុជ្រោយស្លែង ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូស្រុកបរិបូណ៍ បានបំផ្លាញវត្ថុតាង រួមមាន របងសាច់អួនក្រឡាញឹក ០២កន្លែង ដែលមានប្រវែង៣០០ម៉ែត្រ លូសាច់អួនចំនួន០៤ គ្រឿង បង្គោលចំនួន២០០ដើម ត្រីចម្រុះចំនួន១០គីឡូ និងបានចាក់លែងកូនត្រីឲ្យចូលក្នុងទន្លេវិញ។