គួរឱ្យរន្ធត់ខ្លាំងណាស់ រន្ទះមិនប្រណីប្រល័យជីវិត ស្លាប់១នាក់និងរបួសធ្ងន់ស្រាលចំនួន៥នាក់នៅស្រុកកំពង់រោទ៍

1

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗបន្ទាប់ពីមានភ្លៀងខ្យល់កន្ត្រាក់និងរន្ទះបាញ់មួយគ្រាប់យ៉ាងខ្លាំងធ្វើឱ្យមនុស្សដែលកំពុងអង្គុយ ជ្រកភ្លៀងនៅវាលស្រែក្រោមដើមអាកាស្យាចាំមើលក្របីដួលដាច់ផ្ងារ ខ្លះស្រឡាំងកាំងបណ្ដាលឱ្យបុរសចំណាស់ម្នាក់ស្លាប់និងរបួសធ្ងន់ស្រាល៥នាក់។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី៥ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិរោទ៍ ឃុំញរ ស្រុកកំពង់រោទ៍  ខេត្តស្វាយរៀង។  

តាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ឃឹម សាន អាយុ៦៩ឆ្នាំ មុខរបរកសិករ រស់នៅ ភូមិរោទ៍ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ចំណែកមនុស្ស៥នាក់ទៀតរងរបួសធ្ងន់និងស្រាលត្រូវបានក្រុមគ្រួសារយកទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

 

បើតាមស្ត្រីរងគ្រោះនៅក្នុងហេតុការណ៍គួរឱ្យរន្ធត់នេះបានឱ្យដឹងថា មុនកើតហេតុមានភ្លៀងធ្លាក់ខ្លាំង ហើយរូបគាត់និងអ្នកភូមិ៥នាក់ទៀតបានរត់មកជ្រកភ្លៀងក្រោមដើមអាកាស្យាទាំងអស់គ្នា ខណៈដែលបុរសរងគ្រោះបានឈរតែម្នាក់ឯង។បន្ទាប់មកស្រាប់តែឮសូរសំឡេងរន្ទះបាញ់មួយគ្រាប់ត្រង់កន្លែងដែលបុរសឈ្មោះឃឹម សានកំពុងឈរធ្វើឱ្យគាត់ដួលដាច់ផ្ងារស្លាប់ភ្លាមៗ និងរបួសធ្ងន់ស្រាល៥នាក់បង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់និងពិនិត្យធ្វើកោសលវិច័យដោយសហការជាមួយគ្រូពេទ្យ ហើយសន្និដ្ឋានថា សពពិតជាបានស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។

សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់និងរន្ទះត្រូវប្រញាប់ប្រញាល់រកទីទួលមានសុវត្ថិភាពនិងបិទទូរស័ព្ទ  ហើយបើមានហេតុការណ៍អាក្រក់ផ្សេងៗត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា៕