ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”

1

ត្បូងឃ្មុំ៖ កាលពីថ្ងៃទី០៥ខែតុលាឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានអញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោ សម្រាប់​សកម្មភាព​មីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” និងជួប​សំណេះសំណាល​ជាមួយ​កងកម្លាំងបោសសម្អាត​មីន​នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ​បោសសម្អាតមីន និង​កាកសំណល់​សង្រ្គាម ​(NPMEC) ​និងប្រជាពលរដ្ឋ ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ការងារបោសសម្អាតមីនក្រោម​គម្រោងសម្តេចតេជោ​សម្រាប់​សកម្មភាពមីននៅខេត្តត្បូងឃ្មុំ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” សម្រេចបានប្រមាណ​ ៧០% នៃផែនការបោសសម្អាតលើផ្ទៃដីសរុប ​៤.៦៨៧.៣១៧ ម៉ែត្រក្រឡា ស្មើនឹង ៩០ចម្ការមីន ដោយ​បានរកឃើញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧៦ គ្រាប់ មីនប្រឆាំងរថក្រោះ ១៥ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១០៨០ គ្រាប់។

ឯកឧត្តមបន្តទៀតថា ការងារបោសសម្អាតមីន ​និងកម្ទេចគ្រាប់នាថ្ងៃនេះ បានកើតចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅសេសសល់​ក្រោយ​សង្រ្គាម ​ដែលធនធានទាំងនេះ បានមកពីការបំផុសឲ្យមានចលនាជាតិលប់បំបាត់គ្រាប់​មីន​ឲ្យអស់ក្នុងឆ្នាំ២០២៥របស់សម្តេចតេជោ។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្តី​នឹក​រលឹក និង​សាកសួរ​សុខទុក្ខ​ពី​សម្តេចតេជោ នាយករដ្ឋមន្រ្តី ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ជូនដល់កងកម្លាំងបោសម្អាតមីន កម្លាំង​នគរបាលការពារព្រំដែន ​និងប្រជាពលរដ្ឋទាំងអស់ ​ដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ។

ការចុះពិនិត្យ និងសំណេះសំណាលនេះអមដំណើរដោយ ​លោក គន់ រ័ត្នមុនី អភិបាលរង​ខេត្តត្បូងឃ្មុំ ​តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ​ថ្នាក់ដឹកនាំអាជ្ញាធរមីន ​លោក សែម រតនា អគ្គនាយករងនៃមជ្ឈមណ្ឌល NPMEC ​តំណាងមន្ទីរជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់៕