ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅប្រទេសអូស្ត្រាលី

2

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក  ROMEO S BRAWNER JUNIOR មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៌ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅក្នុងប្រទេសអូស្ត្រាលី។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ ដែលមានកន្លងមករវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវលទ្ធផលជាក់ស្តែងនៃកិច្ចសហការរវាងអង្គភាពចំណុះកងទ័ពទាំងពីរ និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានេះដែរ លោកឧត្តមសនីយ៍ ក៏បានលើកឡើងអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក  ROMEO S BRAWNER JUNIOR បានឯកភាពចំពោះការវាយតម្លៃរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងបានបញ្ជាក់ការគាំទ្រចំពោះគោលគំនិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកងទ័ពទាំងពីរបន្ថែមទៀតនៅពេលអនាគត។

ក្រៅពីនេះ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏បានចែករំលែកអំពីបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាអាទិ៍ ការដាក់ចេញនូវវិធានការផ្សេងៗ និងការចូលរួមរបស់កងទ័ពក្នុងយុទ្ធនាការចាក់វ៉ាក់សាំង។