«សហគមន៍យើងនីមួយៗគួរមានស្បៀងអាហារហូបគ្រប់គ្រាន់ ជីវភាពកាន់តែល្អប្រសើរ នេះជាកត្តាសំខាន់ក្នុងការពារធនធានធម្មជាតិ»

0

លើកឡើងក្នុងឱកាសចូលរួមជាអធិបតីភាពនៃការដាំស្ដារព្រៃឈើ ការក្លូនរុក្ខជាតិ រៀបចំថ្នាលបណ្ដុះកូនឈើ និងការពិនិត្យការចិញ្ចឹមពូជសត្វក្របី នៅលើផ្ទៃដីទំហំ ២០០ ហិកតានៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគីរីរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២២ ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វត្តមានប្រតិភូនៅថ្ងៃនេះ ដើម្បីគោរពដឹងគុណ និង កោតសរសើរដល់មន្ត្រីឧទ្យានុរក្ស ប្រជាសហគមន៍ ដែលជាទ័ពស្រួច លះបង់កម្លាំងកាយ ចិត្ត ពេលវេលាដើម្បីបុព្វហេតុក្នុងការការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។

ក្រសួងបរិស្ថានបានរៀបចំផែនការដាំស្ដារព្រៃឈើចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើនគម្របដីព្រៃឲ្យបានប្រសើរឡើង និងផ្តល់ជូនមន្ត្រីឧទ្យានុរក្សនូវចំណេះដឹង បទពិសោធក្នុងការធ្វើក្លូនរុក្ខជាតិ ក៏ដូចជាបច្ចេកទេសដាំដុះ និងថែទាំចម្ការឈើដាំ ព្រមទាំងការផ្សព្វផ្សាយចំណេះដឹង ជំនាញ បទពិសោធន៍និងឱកាសការងារជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធឲ្យបានទូលំទូលាយ។

ការដាំស្តារ និងក្លូនរុក្ខជាតិអាកាស្សានេះត្រូវបានឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានសង្កត់ធ្ងន់ថា ជាការរួមចំណែកឆ្លើយតបទៅនឹងគោលនយោបាយគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដើម្បីបំពេញនូវសេចក្តីត្រូវការចំពោះមុខ បន្ថយសម្ពាធលើការប្រើប្រាស់ សម្ភារសំណង់ និងគ្រឿងសង្ហារឹមដែលធ្វើពីឈើធម្មជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការនៅក្នុងវិស័យឧស្សាហកម្មផងដែរ។

គួរបញ្ជាក់ថា ប្រភេទក្លូនឈើដែលដាំដុះពេលនេះជាប្រភេទឈើអាកាស្យាមានចំនួន ១ម៉ឺនដើមដែលដាំនៅលើផ្ទៃដីទំហំ ៦,៥ ហិកតា។ សហគមន៍បានបណ្តុះកូនអាកាស្យាជាមេពូជចំនួន ៧.០០០ដើម និងកូនអាកាស្យាចំនួន ១៧០០០ដើម ត្រូវបានដាំលើផ្ទៃដី ០៨ហិកតា និងព្រួសពូជស្មៅលើផ្ទៃដីទំហំ ៦ហិកតា សម្រាប់ជាចំណីរបស់សត្វក្របីចំនួន ៦០ក្បាល ដែលទទួលបានពីក្រសួងបរិស្ថាន ក្នុងនោះបានយកទៅចិញ្ចឹមនៅស្នាក់ការកែររពៅ ចំនួន ១០ក្បាល និងនៅស្នាក់ការខ្ទង់ចំនួន ៥០ក្បាល ហើយបច្ចុប្បន្នកើនបានចំនួន២ក្បាលបន្ថែម។

#បរិស្ថាន #សហគមន៍​មូលដ្ឋាន​