ប្រមុខការទូតកម្ពុជា៖កម្ពុជាបោះជំហានយ៉ាងខ្លាំងក្នុងការធ្វើមាតុភូមិនិវត្តន៍សម្បត្តិវប្បធម៌ដែលត្រូវគេលួចត្រឡប់មកវិញ

1

ភ្នំពេញ៖ «ប្រទេសកម្ពុជា បានបោះជំហានយ៉ាងខ្លាំង ក្នុងការធ្វើ មាតុភូមិនិវត្តន៍នូវទ្រព្យសម្បត្តិជាតិ ដែលត្រូវគេលួច ត្រឡប់មក វិញ។» នេះគឺជាការលើកឡើងរបស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ដ្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅក្នុងសន្និសីទអន្ដរជាតិ ស្ដីពីការការពារ និងការទប់ស្កាត់ការ ចរាចរណ៍ជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលរៀបចំធ្វើនៅ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៥ ខែកញ្ញានេះ។ ថ្លែងទៅកាន់សន្និសីទនេះតាមប្រព័ន្ធអនឡាញ ឯកឧត្តមរដ្ឋមន្ដ្រី ប្រាក់សុខុនគូសបញ្ជាក់ថា៖«ក្នុងរយៈពេលមួយ ខែចុងក្រោយ នេះ អាជ្ញាធរផ្នែកអនុវត្តន៍ច្បាប់នៅសហរដ្ឋអាមេរិក បានប្រគល់ វត្ថុបុរាណចំនួន៣០មកឱ្យយើងវិញ ដែលត្រូវបានគេរត់ពន្ធចេញ ពីប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃអស្ថិរភាពយ៉ាងខ្លាំងនៅក្នុង ប្រទេស។ ក្នុងចំណោមចម្លាក់ទាំងនោះ មានពីររូបដែលមាន ភាព អស្ចារ្យ និងមានសារៈសំខាន់ជា ប្រវត្តិសាស្ត្រ គឺរូបចម្លាក់ ថ្មភក់នៅសតវត្សរ៍ទី១០របស់ព្រះស្កន្ទគង់នៅលើក្ងោកដែលត្រូវបានគេលួចពីប្រាសាទប្រាសាទក្រចាប់នៅកោះកេរ និងរូបចម្លាក់ព្រះគណេសក្បាលដំរី ទម្ងន់បីតោនពីប្រាសាទបាក់ នៅកោះកេរ។»

លោករដ្ឋមន្ដ្រីបានឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់ដៃគូ អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ដែលបានជួយតាមដាន វត្ថុបុរាណដែលត្រូវបានលួចទាំងនេះបញ្ឈប់បណ្តាញរត់ពន្ធនិងប្រគល់ទ្រព្យសម្បត្តិជាតិ មកកម្ពុជាវិញ។ តាមរយៈការប្តេជ្ញា ចិត្តចំពោះសម្បត្តិ បេតិកភណ្ឌវប្បធម៌ និងសម្ព័ន្ធភាពអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន រំពឹងថា ទ្រព្យសម្បត្តិជាតិជាច្រើនទៀតដែលត្រូវបានគេលួចប្លន់ហើយឥឡូវនេះនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសផ្សេង ទៀត នឹងត្រូវ ប្រគល់មកកម្ពុជាវិញ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា រួមគ្នា ជាមួយ រដ្ឋាភិបាលអន្តរជាតិ និងដៃគូវិស័យឯកជន ប្តេជ្ញា បញ្ចប់ការជួញដូរវត្ថុបុរាណ ដោយរួមគ្នាជាមួយ រដ្ឋាភិបាល អន្តរជាតិ និងដៃគូវិស័យឯកជន។ សូមបញ្ជាក់ថាសន្និសីទអន្តរជាតិស្តីពីកិច្ចការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ដែលកំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាបនាពេលនេះ ត្រូវបានរៀបចំដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួម សហការដោយ Antiquities Coalitionនៃសហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តោតសំខាន់លើការការពារនិងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាម កំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៊ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ ដែលជាកត្តាចាំបាច់ របស់ប្រជាជននៃតំបន់អាស៊ីអាគ្នេយ៍។ លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ បានគូសបញ្ជាក់ថា កន្លងមក សម្បត្តិវប្បធម៌ជាច្រើន របស់កម្ពុជាត្រូវបានលួចនាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជានិងបានចរាចរដាក់លក់នៅលើទីផ្សារសិល្បៈអន្តរជាតិ។ ការលួចបំផ្លិចបំផ្លាញនេះហើយ ដែលនាំឱ្យមានការខូចខាត យ៉ាងធ្ងន់ធ្ងរ ដល់ទីតាំងសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងលប់បំបាត់នូវការយល់ដឹងពី ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណ របស់ ប្រជាជន។ សម្បត្តិវប្បធម៌ជាតិទាំងនោះ គួរតែស្ថិតនៅទី តាំងដើមរបស់វា ដែលជាដួងព្រលឹងនិងជាកិត្យានុភាពជាតិ ទើបអាចបង្ហាញពីការបង្កើតការងារចម្រុះដែលជាចរន្តសេដ្ឋកិច្ចសម្រាប់ប្រជាជន។ សម្រាប់លោកស្រីរដ្ឋមន្ដ្រី ការយល់ដឹងអំពី កិច្ចការពារ វប្បធម៌ និងការអភិរក្ស គឺជាកត្តាអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា នឹងជាភារកិច្ចចម្បង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕