មហាជនរិះគន់មន្ដ្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដជិតស្ដុបព្រែកហូរថាអត់ឱ្យឡានដឹកធ្ងន់ចូលថ្លឹងគឺថ្លឹងតែលុយ

22

ខេត្តកណ្តាល៖ ដោយមើលឃើញពីសកម្មភាពរបស់មន្ដ្រីនៃស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចន្លោះស្តុបព្រែកហូរនិងស្តុបផ្លូវ៦០ម៉ែត្រ ស្ថិតនៅលើផ្លូវ៥០ម៉ែត្រ ក្នុងខណ្ឌដង្កោ ជាប់ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនមានវិធានការនិងអនុវត្តច្បាប់ជាមួយក្រុមរថយន្តដឹកខ្សាច់និងទំនិញជាច្រើនគ្រឿងដែលបើកឆ្លងកាត់តែមិនចូលថ្លឹងឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស តែបែរជាថ្លឹងលុយទៅវិញទើបធ្វើឱ្យមហាជនទ្រាំនៅស្ងៀមមិនបានក៏បានទម្លាយសកម្មភាពនេះចេញមកតាមរយៈការផ្ដល់ព័ត៌មានដើម្បីឱ្យថ្នាក់លើបានដឹងនិងមានវិធានការច្បាប់។

ប្រជាពលរដ្ឋបានលើកឡើងថា មានភាពមិនប្រក្រតីនិងសង្ស័យមានការឃុបឃិតគ្នារវាងមេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចន្លោះស្តុបព្រែកហូរនិងស្តុបផ្លូវ៦០ម៉ែត្រនិងមន្ត្រីប្រចាំការជាមួយក្រុមរថយន្តដឹកខ្សាច់និងទំនិញតាមផ្លូវថា មានរថយន្តដឹកខ្សាច់និងទំនិញជាច្រើនគ្រឿងដែលដឹកជញ្ជូនខ្សាច់រៀងរាល់យប់ ពេលឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តមិនចូលថ្លឹងឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនោះទេគឺទៅហួស មកហួស ហើយចាំបង់ក្បាលឡានឲ្យមេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចជាមួយមន្ត្រីប្រចាំការគឺជាការស្រេចតែម្ដង បើទោះបីជាដឹកមួយយប់ៗប៉ុន្មានសិបគ្រឿងក៏ដោយ ពីព្រោះគេយកលេសថា ដឹកទៅចាក់បំពេញនៅព្រលានយន្តហោះថ្មីលើផ្ទៃដី២៦០០ហិកតា ប៉ុន្តែតាមការពិតកន្ទេលធំបន្លំដេកទេ ព្រោះមានរថយន្តយីឌុបដឹកខ្សាច់ជាច្រើនគ្រឿង បានដឹកទៅចាក់បំពេញដីឯកជននៅក្នុងដែនអាណាចក្រខណ្ឌដង្កោនិងខណ្ឌមានជ័យ។

ជាមួយគ្នានោះ នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បណ្ដាញព័ត៌មានបានចុះទៅដល់ស្ថានីយ៍ជញ្ជីងថ្លឹងខាងលើ និងបានឃើញផ្ទាល់ថា ពិតជាមានរថយន្តប្រភេទយីឌុបដឹកខ្សាច់ជាច្រើនគ្រឿង ដឹកមិនគ្របឲ្យបានត្រឹមត្រូវ ដឹកទាំងទឹកហូរលាយឡំជាមួយខ្សាច់ហូរជ្រុះពាសពេញផ្លូវចាប់ពីដេប៉ូរហូតដល់គោលដៅចាក់ខ្សាច់ ជាពិសេសដឹកឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចហើយមិនព្រមចូលថ្លឹងនោះទេ។ តើស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដមួយនេះ ដាក់មកដើម្បីថ្លឹងអ្វី ថ្លឹងរថយន្ត ឬសម្រាប់ថ្លឹងលុយ? តើមេស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តខាងលើនិងមន្ត្រីប្រចាំការបាត់ស្រមោលទៅណាអស់ហើយ ហេតុអ្វីគេមិនឃើញនៅប្រចាំការ ឬមួយដល់ម៉ោងចេញទៅកម្សាន្ដអារម្មណ៍តាមហាងបាត់អស់ទៅហើយ ឬមួយគិតថា មិនបាច់នៅក៏បាន ព្រោះរថយន្តដឹកទំនិញ ខ្សាច់ ថ្ម ដី ទាំងអស់នោះដឹងតួនាទី ដឹងខ្លួនអស់ហើយថា ត្រូវបង់លុយក្បាលឡានយ៉ាងដូចម្ដេចនោះ?

គួររំលឹកដែរថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនធ្លាប់បានបញ្ជាក់ថា ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ណាមួយនៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬ ផ្ទុកទម្ងន់លើសពី២០ភាគរយ ប្រធានស្ថានីយ៏ជញ្ជឹងអចល័ត ឬ ប្រធានក្រុម ជញ្ជីងចល័ត ត្រូវចាត់វិធានការតាមបទប្បញ្ញត្តិដូចជា៖ ដកបណ្ណបើកបរ និងព្យួរទុកចំនួន២ឆ្នាំ ព្រមទាំងឃាត់យានជំនិះទុក ចំនួន១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។

យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ បានកំណត់ថា បើអ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ដែលផ្ទុកទម្ងន់ធ្វើឱ្យស្រុតផ្លូវថ្នល់ ឬ បែកលូកាត់ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ដល់៤លានរៀល។ដោយឡែកបើមន្ត្រីមានសមត្ថកិច្ចដែលអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់ធ្វើឱ្យស្រុតផ្លូវថ្នល់ ឬ បែកលូកាត់ទទឹងផ្លូវថ្នល់ ឬ បាក់ស្ពាន ត្រូវផ្តន្ទាទោសដូចគ្នាផងដែរ៕