ទីតាំងល្បែងភ្នាល់បាលនិងឡូតូ មួយកន្លែងស្ថិតនៅតាម បណ្ដាយផ្លូវ៥១កំពុងបើកយ៉ាងរលូន គ្មានការបង្ក្រាប

24

ភ្នំពេញ៖ ទីតាំងល្បែងភ្នាល់បាលនិងឡូតូ ស្ថិតនៅតាម បណ្ដាយផ្លូវ៥១ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកទទួលភ្ញៀវមកពីគ្រប់មជ្ឈដ្ឋាន យ៉ាងរលូន ដោយគ្មានការ បង្ក្រាបពី អាជ្ញាធរមានសមត្ថកិច្ចឡើយ សង្ស័យ មានភ្លើងខៀវពី អាជ្ញាធរ និង សមត្ថកិច្ច មូលដ្ឋាន អស់ហើយមើលទៅ ។

ប្រភពព័ត៌មានពីពលរដ្ឋជាច្រើនបានលើកឡើងថាជារៀងរាល់ថ្ងៃគេសង្កេតឃើញ មានក្រុមក្មេងស្ទាវ ជាច្រើននាក់ កំពុងតែប្រមូលផ្តុំគ្នា ចូលមកលេងល្បែងស៊ីសង នៅទីតាំង Internet ខាងលើនេះ ប៉ុន្តែគេមិនដែលឃើញមានអាជ្ញាធរនិងសមត្ថកិច្ចចុះមកបង្ក្រាបឡើយ។ប្រភពដដែលបានបន្តថារាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្ភ ចំពោះសុវត្ថិភាពនិងភូមិឃុំមានសុវត្ថិភាពរបស់ពួកគាត់ព្រោះថាបើកន្លែងណាមានបើកល្បែងស៊ីសង ទីតាំងនោះនិងអាចកើតមានអំពើរចោរកម្ម លួច ឆក់ ប្លន់ ជាដើម។ ប្រជាពលរដ្ឋសំណូមពរដល់ អាជ្ញាធរមានសមត្ថកិច្ច ពិសេស លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ទៀង ចាន់សារ អធិការខណ្ឌដូនពេញ មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះ ដើម្បីរក្សាការពារសន្តិសុខ និង អនុវត្ត នូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា កន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យ អភិបាលខណ្ឌ ទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ ដូចជាហ្គេមបាញ់ត្រី ហ្គេម Internet Online និង ល្បែងស៊ីសង ផ្សេងទៀត។ លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណា ដែលបើក ល្បែងស៊ីសង ហ្គេមបាញ់ត្រី សេវាកម្ម Internet លួចបង្កប់ ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះ ហើយ ត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។ការបញ្ជានេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយការចូលរួមពីអភិបាលរងរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ រួមទាំងមន្ដ្រីជំនាញពាក់ព័ន្ធជារូបច្រើនទៀត។

សូមបញ្ជាក់ថា លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរដែនដីត្រូវត្រួតពិនិត្យឲ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឲ្យមានល្បែងស៊ីសង ប្រភេទ ហ្គេម បាញ់ ត្រី និងអាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ជាដាច់ខាតក្នុងករណីដែលមាននៅក្នុងមូលដ្ឋាន របស់ខ្លួនត្រូវបង្ក្រាបភ្លាមៗ ទាំងអ្នកលេងនិងម្ចាស់ទីតាំង ដែល ប្រកបអាជីវកម្មខុសច្បាប់នេះ៕