បែកធ្លាយ មជ្ឈមណ្ឌលព័ត៌មាន CEN ចាត់វិធានការផ្លូវច្បាប់ជាផ្លូវការទៅលើមេធាវី ផេង ស៊ីដេត និងលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ពីបទអនុវត្តការងារផ្ទុយពីវិជ្ជាជីវៈ និងក្រមសីលធម៌ …

60

យោងតាមការចេញផ្សាយរបស់ មជ្ឈមណ្ឌលព័ត៌មាន CEN ដែលអង្គភាពព័ត៏មានVPN TV ONLINE ទើបទទួលបានឲ្យដឹងថាមជ្ឈមណ្ឌលព័ត៌មាន CEN ចាត់វិធានការជាផ្លូវការ តាមផ្លូវច្បាប់ ប្ដឹងលោកមេធាវី ផេង សុីដេត ទៅប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អំពីការប្រកបវិជ្ជាជីវៈមេធាវីផ្ទុយទៅនឹងក្រមសីលធម៌របស់មេធាវី, និង លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវបាន CEN  ត្រៀមលក្ខណៈរួចរាល់ផងដែរ ចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីអ្នកទាំងពីរនេះ បានប្រព្រឹត្តរំលោភលើសេរីភាពសារព័ត៌មាន, បំពានច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីវិជ្ជាជីវៈ ក្រមសីលធម៌ នៃអ្នកអនុវត្តច្បាប់។

ពាក្យបណ្ដឹងផ្លូវការរបស់មជ្ឈមណ្ឌលព័ត៌មាន CEN ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២,  គោរពជូន ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវត្ថុ ÷ សុំប្ដឹងជួយអន្តរាគមន៍ផ្នែកផ្លូវច្បាប់ និងវិជ្ជាជីវៈមេធាវី ដោយស្នើចាត់វិធានការទៅលើ លោកមេធាវី ផេង សុីដេត អត្តលេខ ២៥៦ ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីនៃការការិយាល័យមេធាវី ខ្មែរ និងសហការី ស្ដីពីការប្រកបវិជ្ជាជីវៈមេធាវីផ្ទុយទៅនឹងក្រមសីលធម៌របស់មេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

យោងអ្វីដែល លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងលោកមេធាវី ផេង សុីដេត រំលោភលើសេរីភាពសារព័ត៌មាន, បំពានច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីវិជ្ជាជីវៈ ក្រមសីលធម៌ នៃអ្នកអនុវត្តច្បាប់ រួមមាន ÷

១- ពាក្យបណ្ដឹងសំណុំរឿងព្រហ្មទណ្ឌ លេខ ៤៩១០ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ របស់លោកមេធាវី ផេងសុីដេត ជាមេធាវីតំណាងដោយអាណត្តិរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលផ្ដើបង្កពាក្យបណ្ដឹងដោយ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ជាដើមចម។ ធាតុពិត អ្នកទាំងពីរនេះ គឺ លោក ប៉ាង លីដា និងមេធាវី ផេង សុីដេត មានចេតនាកាយកប់ការពិត រំលេចពាក្យបណ្ដឹងដើម្បីគំរាមកំហែងមកលើសេរីភាពសារព័ត៌មាន CEN ដោយបង្កើតអង្គហេតុលើពាក្យបណ្ដឹងរបស់ខ្លួនថា ” ប្ដឹង CEN ពីបទ ញុះញង់ឲ្យប្រព្រិត្តបទឧក្រិដ្ឋជាអាទិ៍ ” ផ្ទុយពីការពិតដែលជាព្រឹត្តិការណ៍កើតឡើងជាក់ស្ដែង។

 

២- តើខ្លឹមសារនៃការចោទប្រកាន់ មកលើ CEN ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ វាស័ក្កិសមធៀបទៅនឹងការផ្សាយរបស់មជ្ឈមណ្ឌលព័ត៌មាន CEN ដែលផ្សាយអំពីវាទប្បដិវាទរវាងមន្ត្រីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ប៉ាង លីដា ចុះទៅហាមឃាត់ការសាងសង់ផ្ទះ ហើយបង្កទៅជាការប្រទូសរ៉ាយប្រតាយប្រតប់ជាមួយស្ត្រីម្ចាស់ផ្ទះដែរឬទេ?

៣- មជ្ឈមណ្ឌលព័ត៌មាន CEN ផ្សាយព័ត៌មាន វាទប្បដិវាទរបស់មន្ត្រីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ប៉ាង លីដា គឺបន្ទាប់ពីព្រឹត្តិការណ៍កើតឡើងរួចរាល់តែប៉ុណ្ណោះ, ហើយស្ត្រីម្ចាស់ផ្ទះកើតទុក្ខមិនសុខចិត្ត មកផ្ដល់ព័ត៌មានដល់មជ្ឈមណ្ឌលព័ត៌មាន CEN និងផ្ដល់បទសម្ភាសន៍អំពីខ្លួនគាត់រងគ្រោះត្រូវគេវាយដំ គេប្រតាយប្រតប់ គេបៀតបៀនលើបូរណភាពបុគ្គល បៀតបៀនកេរ្តិ៍ខ្មាស ដើម្បីឆ្លុះបញ្ចាំងការពិត ហើយស្វែងរកអន្តរាគមន៍ពីថ្នាក់ដឹកនាំ និងស្ថាប័នមានសមត្ថកិច្ចជួយផ្ដល់យុត្តិធម៌ឲ្យរូបគាត់តែប៉ុណ្ណោះ, តើការផ្សាយនេះមានអត្ថន័យទៅដល់អំពើ ” ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ” ដែរឬអត់?

 

៤- មជ្ឈមណ្ឌលព័ត៌មាន CEN រកឃើញថា ការបង្កើតអង្គហេតុ ឬពាក្យបណ្ដឹងចោទប្រកាន់ផ្ទុយពីការពិតមកលើមជ្ឈមណ្ឌលព័ត៌មាន CEN ដោយប្រើពាក្យថា ” ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ” គឺជាកំហុសឆ្គងដ៏ធំមួយ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងលោកមេធាវី ផេង ស៊ីដេត ដែលយើងមិនអាចទទួលយកបាន ហើយនេះគឺជាចេតនាចង់លុបបំបាត់ការពិត ដោយបំពុលព័ត៌មានទៅជា មជ្ឈមណ្ឌលព័ត៌មាន CEN ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទៅវិញ។

៥- កាយវិការ និងទង្វើបែបនេះ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងលោកមេធាវី ផេង សុីដេត ដែលអនុវត្តផ្ទុយពីវិជ្ជាជីវៈ និងក្រមសីលធម៌ នៃមន្ត្រីរាជការ និងមេធាវីនេះ គឺពិតជាប៉ះពាល់ធ្ងន់ធ្ងរដល់ការខិតខំប្រឹងប្រែងធ្វើឲ្យមានតម្លាភាពទាំងក្របខ័ណ្ឌមន្ត្រីរាជការ និងមេធាវី និងទំនុកចិត្តរបស់ប្រជាពលរដ្ឋស្លូតត្រង់។

៦- មជ្ឈមណ្ឌលព័ត៌មាន CEN បានពិនិត្យ ពិច័យ រកឃើញច្បាស់ថា គឺជាការគំរាមកំហែងរំលោភលើសេរីភាពសារព័ត៌មាន ដែលមានសិទ្ធិឯករាជ្យពេញលេញមិនអាចនរណារំលោភបំពានបាន។

( ទី ២ )

៧- រំលោភលើច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ត្រង់ មាត្រា ៥ : ” សិទ្ធិទទួលព័ត៌មាន និងផ្សាយព័ត៌មាន ” ។  មាត្រា ៧ : ត្រូវផ្សាយនូវដំណឹងទាំងឡាយណាពិត សុចរិត ព្រមទាំងការធ្វើអត្ថាធិប្បាយ ឬរិះគន់សមស្របទៅតាមគតិយុត្ត នៃដំណើររឿង និងព្រឹត្តិការណ៍ដែលកើតឡើង។ មាត្រា ១០ : ជនណាម្នាក់ដែលយល់ថា ការផ្សាយខ្វះចន្លោះ ប៉ះពាល់កិត្តិយស, ជននោះគប្បីប្រើសិទ្ធិមូលដ្ឋានរបស់ខ្លួនសរសេរអត្ថបទបំភ្លឺលាយលក្ខណ៍អក្សរបញ្ជូនមកកាន់សារព័ត៌មានដែលបានផ្សាយលើករណីនោះ  ឬជននោះទំនាក់ទំនងមកកាន់ការរិយាល័យនិពន្ធសារព័ត៌មានដែលបានផ្សាយករណីប៉ះពាល់នោះ ដើម្បីស្វែងរកលទ្ធភាពបកស្រាយបំភ្លឺ។ មាត្រា ១១ : គ្រប់ករណីដែលផ្សាយ ហើយឈានទៅដល់ការប្ដឹងផ្ដល់គ្នា តុលាការត្រូវពិនិត្យទៅលើទំនាក់ទំនងដោយផ្ទាល់រវាងអត្ថបទដែលបានផ្សាយ និងអ្នកចោទថា ញុះញង់ តើអំពើនោះវាស័ក្ដិសមដែរឬអត់?

៨- ច្បាប់ស្ដីពីក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា, មាត្រា ៣០៦ : ពាក់ព័ន្ធដឹងការផ្សាយរបស់សារព័ត៌មាន ដែលត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ មួលបង្កាច់កេរ្ដិ៍ ញុះញ៉ុង និងសមគំនិត ។ល។ ត្រូវអនុវត្តទៅតាមច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។

៩- កាយវិការខ្ជីខ្ជារបស់មេធាវី ប្ដឹងចោទមកលើមជ្ឈមណ្ឌល CEN ដោយប្រើខ្លឹមសារចោទប្រកាន់ប្រាសចាកការពិត ដូចជា ” ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ” និងកំណត់អាសយដ្ឋានខុសការពិត បណ្ដាលឱ្យមានការយល់ច្រឡំលើអ្នកដទៃ ដោយដាក់ថា ផ្ទះលេខ ៤ ផ្លូវលេច ៦១០ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ, តែការពិត មជ្ឈមណ្ឌលព័ត៌មាន CEN ស្ថិតនៅបុរីពិភពថ្មី ភូមិគ្រឹះលេខ ១៦ ផ្លូវលេខ ៦ A សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

១០- ដាក់ឈ្មោះអ្នកដែលរងបណ្ដឹងនៅក្នុងពាក្យបណ្ដឹង ខុសទាំងស្រុង ដូចជា ដាក់ឈ្មោះ ប៉ែន នីណា ចាងហ្វាងការផ្សាយអង្គភាពសារព័ត៌មាន CEN ( Cambodia Express News ) , ការពិត អគ្គនាយិកាមជ្ឈមណ្ឌល  CEN គឺជាលោកជំទាវឧកញ៉ាមួយរូបមិនមែនឈ្មោះដូចខាងលើនោះទេ ពោលគឺ លោក ផេង ស៊ីដេត ធ្វើដល់ទៅមេធាវីការពារក្ដីឱ្យគេទៅហើយ ខ្វះសមត្ថភាពស្វែងយល់ ឈ្មោះអ្នករងបណ្ដឹង និងអាសយដ្ឋាន មិនគួរផ្ដល់សុពលភាពឲ្យធ្វើជាមេធាវីការពារក្ដីប្រជាជន ការពារប្រយោជន៍ឯកជន នីតិបុគ្គល និងរូបវន្ត័បុគ្គល បានទៀតនោះទេ ព្រោះថា គ្រាន់តែរឿងតូចតាចប៉ុណ្ណេះ បង្ហាញពីការខ្វះសមត្ថភាពទៅហើយនោះ តើទៅប្រកបវិជ្ជាជីវៈមេធាវីដូចម្ដេចកើតទៅ? បើជាអ្នកមានសមត្ថភាពវិញ គួរណាស់ស្វែងយល់ ទៅស៊ើបសួរអាសយដ្ឋាន និងឈ្មោះអគ្គនាយិកានៃមជ្ឈមណ្ឌលព័ត៌មាន CEN នៅក្រសួងព័ត៌មាន និងនៅក្រសួងពាណិជ្ជកម្ម នឹងបានដឹងហើយ។

 

១១- ចំណុចមួយទៀត រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ អនុវត្តការងារផ្ទុយពីវិជ្ជាជីវៈ ក្រមសីលធម៌ និងនីតិវិធី មកលើ CEN ត្រង់ទង្វើបញ្ជូនលិខិតបំភ្លឺ, មិនបញ្ជូនមកកាន់មជ្ឈមណ្ឌលព័ត៌មាន CEN ផ្ទាល់ បែរជាបញ្ជូនទៅឱ្យអង្គភាពសារព័ត៌មានផ្សេងៗផ្សាយបំភ្លឺទៅវិញ ដែលផ្ទុយពីនីតិវិធីច្បាប់ស្ដីពីរបបសារព័ត៌មាន។ ពាក្យបកស្រាយបំភ្លឺនៅក្នុងលិខិតរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ  មិនមែនជាទម្រង់លិខិតបំភ្លឺនោះទេ ព្រោះមិនបានបកស្រាយបំភ្លឺត្រង់ចំណុចដែលមជ្ឈមណ្ឌលព័ត៌មាន CEN ផ្សាយទៅខ្វះចន្លោះនោះឡើយ, ផ្ទុយទៅវិញ បែរជានិយាយចោទប្រកាន់មជ្ឈមណ្ឌលព័ត៌មាន CEN ថា ” ផ្សាយបំផ្លើសការពិតទាំងស្រុង មានចរិតមួលបង្កាច់ ” ដែលកាយវិការ ពាក្យសម្ដីលើលិខិតបំភ្លឺមួយនេះ គឺជាការចោទប្រកាន់មិនពិតមកលើមជ្ឈមណ្ឌលព័ត៌មាន CEN និងជាការមួលបង្កាច់ បរិហារកេរ្តិ៍ មកលើមជ្ឈមណ្ឌល CEN យ៉ាងច្បាស់,  ទង្វើបែបនេះ តម្រូវឱ្យមជ្ឈមណ្ឌលព័ត៌មាន CEN មានសិទ្ធិពេញលេញក្នុងការប្រើចំណាត់ការផ្លូវច្បាប់ទៅលើ លោក ប៉ាង លីដា ឬថ្នាក់ដឹកនាំនៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យណាមួយ ដើម្បីផ្ដល់ភាពស្អាតស្អំឱ្យមកមជ្ឈមណ្ឌលព័ត៌មាន CEN វិញ។

( ទី ៣ )

អ្វីដែលបង្ហាញភាពស្អាតស្អំរបស់មជ្ឈមណ្ឌលព័ត៌មាន CEN យ៉ាងច្បាស់នោះ គឺ

* នៅទីបំផុត លោក អ៊ុំ សុភក្ដិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានពិនិត្យមើលគ្រប់ជ្រុងជ្រោយ គ្រប់អង្គហេតុ និងស្ថានភាពគតិយុត្ត ទៅលើពាក្យបណ្ដឹង ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩១០ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ របស់មេធាវី ផេង ស៊ីដេត តំណាងដោយអាណត្តិរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រកមិនឃើញមានវត្តមានបទល្មើស, ពោលគឺ អវត្តមានបទល្មើស ក៏សម្រេចចេញដីកា បង្គាប់ឲ្យ តម្កល់រឿងទុកឥតចាត់ការ។

* តុលាការយល់ឃើញថា ករណីដែលផ្សាយជាព័ត៌មានខាងលើនេះ មិនមែនជាករណី ” ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងសមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ” ដូចដែលលោកមេធាវី ផេង សុីដេត បានដាក់ពាក្យប្ដឹងនោះទេ។

* ដោយផ្អែកលើភស្ដុតាងផ្សេងៗ និងអង្គហេតុដែលផ្សាយ តុលាការយល់ឃើញថា ការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន CEN មិនមានលក្ខណៈជាការញុះញង់នោះទេ តែអំពើខាងលើ គឺជាការផ្សព្វផ្សាយព័ត៌មានតាមវិជ្ជាជីវៈប៉ុណ្ណោះ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលព័ត៌មាន CEN កាលពីថ្ងៃទី១៤  ខែសីហា ឆ្នាំ២០២១ បានចុះផ្សាយព័ត៌មាន ដែលមានខ្លឹមសារថា ” អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងក្រុមការងារ ធាក់ទ្វារទម្លាយចូលប្រើហិង្សាលើស្ត្រីម្នាក់ដល់ក្នុងផ្ទះ ម្ចាស់ផ្ទះយំឡាំប៉ាទាមទាររកយុត្តិធម៌ ករណីនេះផ្ដើមចេញពីការចុះទៅឃាត់សំណង់ ម្ចាស់ផ្ទះសុំបង្ហើយការងារ…”។

ស្ត្រីម្ចាស់ផ្ទះឈ្មោះ ជុំ ស៊ីណាត អាយុ២៨ឆ្នាំ មានសយដ្ឋាន ផ្ទះកើតហេតុខាងលើ ស្ថិតនៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ស្ត្រីរូបនេះ បានអះអាង និងផ្ដល់បទសម្ភាសន៍មកឱ្យមជ្ឈមណ្ឌលព័ត៌មាន CEN ថា នៅវេលាម៉ោងប្រហែល ៨:៣០នាទីព្រឹក, ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១  លោក ប៉ាង លីដា បានដឹកនាំក្រុមការងារ ឬបក្ខពួកប្រហែល ១០នាក់ ចុះមកអនុវត្តការងារផ្ដើមចេញពីការហាមឃាត់សំណង់ បែរជាស្រែកបញ្ជាការងារ បង្កទៅជាប្រទូសរ៉ាយ ប្រតាយប្រតប់ និងអំពើហិង្សា ទៅវិញ។

 

ក្នុងទង្វើខ្វះនីតិវិធីការងារ និងក្រមសីលធម៌ របស់ លោក ប៉ាង លីដា និងក្រុមការងារ ត្រូវបានស្ត្រីម្ចាស់ផ្ទះប្ដឹងចោទប្រកាន់ដូចតទៅ ÷ ១- រំលោភអំណាច (គ្មានលិខិតបង្ហាញបេសកកម្ម-ប្រើហិង្សា) , ២- រំលោភចូលលំនៅដ្ឋានឯកជន (ទម្លាយទ្វារចូលក្នុងផ្ទះគេគ្មានលិខិតបង្ហាញបេសកកម្ម , គ្មានដីកាបង្គាប់ពីតុលាការ, ប្រើហិង្សា) , ៣- បង្កហិង្សាដោយចេតនា (ប្រទូសរ៉ាយ ប្រតាយប្រតប់ ចាប់ជាន់សង្កត់ បង្កឲ្យស្ត្រីម្ចាស់ផ្ទះរងរបួសជាំពេញខ្លួន) , ៤- លួចមានស្ថានទម្ងន់ទោស (ចាប់បង្ខំយកទូរស័ព្ទ២ គ្រឿង គឺ អាយហ្វូន ១គ្រឿង , អុបប៉ូ ១គ្រឿង, យកស៊ីម៉ង់ត៍ ៤បាវ ,  ឥដ្ឋការ៉ូ ៤កេស) , និង ៥- បៀតបៀនកេរ្តិ៍ខ្មាស (ចាប់បង្ខំលូកយកទូរស័ព្ទចេញពីក្នុងលីអូស្ត្រីម្ចាស់ផ្ទះ) ។

 

ហេតុការណ៍ដែលកើតឡើងខាងលើ និងការចោទប្រកាន់របស់ស្ត្រីម្ចាស់ផ្ទះ ជុំ ស៊ីណាត គឺធ្វើឡើងតាមលក្ខណៈផ្លូវច្បាប់ ពាក់ព័ន្ធនឹងភាពជាគតិយុត្ត, ចំណែកមជ្ឈមណ្ឌលព័ត៌មាន CEN ផ្សាយទៅតាមអ្វីដែលជាព្រឹត្តិការណ៍កើតឡើងតែប៉ុណ្ណោះ និងផ្សាយប្រកបទៅដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងការពិត, ក្នុងនោះក៏មានការរិះគន់សមស្របទៅតាមគតិយុត្ត និងដំណើររឿង ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។

យោងទៅលើការសម្រេចរបស់តុលាការរាជធានីភ្នំពេញ ” តម្កល់រឿងទុកឥតចាត់ការរបស់មេធាវី ផេង សុីដេត, និងដោយពិនិត្យឃើញប៉ះពាល់ដល់កិត្តិយសរបស់មជ្ឈមណ្ឌលព័ត៌មាន CEN ធ្ងន់ធ្ងរ, ដូច្នេះ  CEN គប្បីប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួន  ចាត់វិធានការផ្លូវច្បាប់ជាផ្លូវការទៅលើ លោកមេធាវី ផេង ស៊ីដេត, ចំណែក លោក ប៉ាង លីដា ក៏កំពុងត្រៀមចាត់វិធានការផ្លូវច្បាប់ជាបន្តបន្ទាប់ទៀតផងដែរ៕

ទោះបីយ៉ាងណា អង្គភាពសារព័ត៌មាន យើងនៅមិនទាន់ទទួលបានការបកស្រាយពី លោក មេធាវី ផេង ស៉ីដេត និងលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ នៅឡើយទេ។ អង្គភាព ព័ត៏មានយើងរងចាំការឆ្លើយបំភ្លឺតបចំពោះការប្រតិកម្មរបស់គូភាគី រាល់ម៉ោងធ្វើការ៕ សូមអរគុណ