ល្បែងស៊ីសងរីកដូចផ្សិត ក្នុងភូមិស្វាជ្រុំ ប្រជាពលរដ្ឋសង្ស័យថាជាឆ្នាំងបាយសមត្ថកិច្ច

70

ខេត្តតាកែវ ៖ ល្បែងសុីសងតាមអនឡាញនិងកន្ទុយលេខ កំពង់សប្បាយកើបលុយ ពីប្រជាពលរដ្ឋគ្រប់វ័យយ៉ាងគគ្រឹក គគ្រេងនៅភូមិស្វាយជ្រុំខាងជើង(ទួលចំការគ)សមត្ថកិច្ចមិនហ៊ានបង្ក្រាប ប្រជាពលរដ្ឋសង្ស័យថា ជាឆ្នាំងបាយរបស់សមត្ថកិច្ចហើយមើលទៅ បានជាមិនហ៊ានបង្ក្រាបដូច្នេះ។

យោងតាមសំដីប្រជាពលរដ្ឋម្នាក់បានលួចបង្ហើបប្រាប់ក្រុមការងារយើងអោយដឹងថា ទីតាំងល្បែងសុីសងនេះស្ថិតនៅទួលចំការគ នៃភូមិស្វាយជ្រុំខាងជើង ក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ជាកន្លែងដែលប្រមូលផ្ដុំមនុស្សគ្រប់វ័យពពាក់ពពូនគ្នាលេងល្បែងដូចជាបៀ កន្ទុយលេខនិងល្បែងឡូតូជាដើម។

ប្រភពដដែលបានបន្តទៀតថា ល្បែងសុីសងទាំងអស់នេះមិនដែលឃើញមានអាជ្ញាធរពាក់ព័ន្ធណាមកបង្ក្រាបឡើយ បណ្ដោយអោយអ្នកញៀនល្បែងប្រមូលផ្ដុំលេងយ៉ាងរំភើយ ដោយមិនខ្លាចញញើតនិងសមត្ថកិច្ចបន្តិចសោះឡើយ មានល្បែងសុីសងប្រាកដជាមានអំពើហឹង្សានិងអំពើលួចឆក់ប្លន់ជាក់ជាមិនខាន ។

ប្រភពដដែលបានបន្តទៀតថា បើសមត្ថកិច្ចសង្កាត់បារាយណ៍ មិនហ៊ានបង្ក្រាបទេពួកគាត់ សូមសុំណូមពរដល់លោកអធិការនគរបាលក្រុងដូនកែងនិងលោកស្នងការខេត្តតាកែវ សូមលោកមេតាជួយបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទក្នុងមូលដ្ឋានអោយខានតែបានផង ដើម្បីទប់ស្កាត់អំពើហឹង្សាអំពើលួច ឆក់ ប្លន់ផ្សេងៗក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ៧ចំណុចថ្មី ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព របស់រាជរដ្ឋាភិបាល។