សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិ មុទិតា នាំយកព្រះរាជអំណោយដ៏ថ្លៃថ្លា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចែកជូនសិស្សសាលា

18

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២ សម្តេច​ព្រះ​មហា​ក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ សព្វ​ព្រះ​រាជ​ហឫទ័យ​ប្រោស​ព្រះ​រាជ​ទាន​ សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និង​ជា​ព្រះ​ស្ថាបនិក​មូលនិធិ​ មុទិតា​  នាំយកព្រះរាជអំណោយដ៏ថ្លៃថ្លា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ រួមមាន៖

–  អាវសិស្ស   ចំនួន ៦០០អាវ

–  សំពត់សិស្ស   ចំនួន ៣០០សំពត់

–  ម៉ាស់     ចំនួន ២កេស

ប្រទានដល់តំណាងកូនចៅ ចៅទួត សិស្សានុសិស្ស នៅក្នុងសហគមន៍ផ្ទះគម្រូស្ត្រីរបស់អង្គការមូលនិធិកុមារកម្ពុជា។

សូមបញ្ជាក់ថា,  ឆ្លៀតក្នុងឱកាសនោះដែរ សម្តេច​រាជបុត្រី​ព្រះ​អនុជ​បាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងព្រះរាជហឫទ័យផ្តាំផ្ញើនឹករលឹកបន្ថែមដល់កូនចៅ ចៅទួតពីសំណាក់ ហ្លួងម៉ែ សម្តេចយាយ សម្តេចយាយទួត និង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនកូនចៅ ប្រជានុរាស្ត្ររបស់ព្រះអង្គដែលមានវត្តមាននៅក្នុងកម្មវិធីខាងលើនេះផងដែរ។

ម្យ៉ាងមួយវិញទៀតដោយគោរពដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ មូលនិធិមុទិតា បាននាំយកនូវអង្ករ ចំនួន ២តោន និងសាប៊ូកម្ចាត់មេរោគ ចំនួន ២កេស ព្រមទាំងក្រម៉ា និងនំមួយចំនួន ចែកជូនបន្ថែមដល់ សិស្សានុសិស្ស និងអាណាព្យាបាល ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ផ្ទះគម្រូស្ត្រីខាងលើផងដែរ ៕