ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល

35

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ១៥ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:១២នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៏មាន បានសម្តែងការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសពចំពោះមរណភាពរបស់ ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន គឺជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការបាត់បង់នូវ ធនធានមនុស្សដ៏គំរូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការបម្រើប្រទេសជាតិ មាតុភូមិ ដោយពុំខ្លាចនឿយហត់ ជារៀងរហូតមក។

ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធ ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕