បិទសិក្ខាសាលាប្រឆាំងការសម្អាតប្រាក់ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា លើកទឹកចិត្តមន្រ្តីទុកក្ដីទោមនស្សមួយឡែក ហើយបន្តរួមគ្នាប្រឹងប្រែងធ្វើការ!

3

ពីវេទិការអធិបតីនៃពិធីបិទសិក្ខាសាលាស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធក្នុងសមត្ថកិច្ចប្រឆាំងការសម្អាតប្រាក់ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការងារប្រយុទ្ធប្រឆាំងនូវអំពើជួញដូរមនុស្ស បន្តការខិតខំប្រឹងប្រែងធ្វើការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាជាងមានក្តីទោមនស្សចំពោះការវាយតម្លៃពីក្រុមអ្នកស្រាវជ្រាវ ឬការរបាយការណ៍ចេញពីស្ថាប័នណាមួយដែលមិនឆ្លុះបញ្ចាំងពីការពិតអំពីការខិតខំប្រឹងប្រែងរបស់មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ។

ជុំវិញការងារប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានរំឭកអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលពេលនោះ មានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ បច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាសេនាធិការ បាន បង្កើតនូវយន្តការ ទាំងយន្តការច្បាប់ និងយន្តការអនុវត្តការងារជាច្រើនរហូតឈានដល់ការរំដោះប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ ប្រឆាំងការសម្អាតប្រាក់ដែលដាក់ដោយអង្គការហ្វាត (FATF)។

បើតាមប្រមុខក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្នុងនោះក៏មានក្រសួងមហាផ្ទៃជាសេនាធិការ លើការងារមួយចំណែក នៃការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ នៅតែបន្តមានឆន្ទៈខ្ពស់ក្នុងការធានាមិនឱ្យប្រទេសកម្ពុជា រអិលចូលទៅក្នុងបញ្ជីប្រផេះជាថ្មីទៀត និងផ្ទុយទៅវិញមានតែបន្តប្រឹងប្រែង ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើសម្អាតប្រាក់ រួមទាំងអំពើឆបោកតាមប្រព័ន្ធឡាយ និងជួញដូរមនុស្ស ដែលជាបទល្មើសមានការប្រឈមជាសកល។

ជាក់ស្ដែង សិក្ខាសាលាស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនាថ្ងៃនេះ ត្រូវបានប្រមុខក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកជាសក្ខីភាពថ្មីមួយទៀតដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីឆន្ទៈរបស់ក្រសួងមហាផ្ទៃ នៅក្នុងការផ្សព្វផ្សាយទ្រឹស្ដី និងបទពិសោធន៍នៃការអនុវត្ត ទាំងពីជុំវិញពិភពលោក រួមទាំងបទពិសោធន៍ដែលកម្ពុជាបានធ្វើ ដើម្បីឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់មានការយល់ដឹង និងបន្តរួមគ្នាធ្វើការនានាបានល្អប្រសើរថែមទៀត លើការប្រឆាំងការសម្អាតប្រាក់។

សូមបញ្ជាក់ថា សិក្ខាសាលា បានប្រព្រឹត្តទៅដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន៦ រួមមាន ១. បទពិសោធន៍ និងលទ្ធផលការងារស៊ើបអង្កេត ស្រាវជ្រាវបទល្មើសសម្អាតប្រាក់ ២. បទពិសោធន៍ និងលទ្ធផលការងារស៊ើបអង្កេត ស្រាវជ្រាវបទល្មើសគ្រឿងញៀន ដែលមានសញ្ញាណសម្អាតប្រាក់ ៣. បទពិសោធន៍ និងលទ្ធផលការងារស៊ើបអង្កេត ស្រាវជ្រាវបទល្មើសឆបោកប្រាក់តាមប្រព័ន្ធឌីជីថល និងរូបិយប័ណ្ណឌីជីថល ៤. បទពិសោធន៍ និងលទ្ធផលការងារស៊ើបអង្កេត ស្រាវជ្រាវបទល្មើសកាតព្វកិច្ចសារពើពន្ធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ៥. ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងទី៦. បទដ្ឋានគតិយុត្ត និងនីតិវិធីពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ ព្រមទាំងកិច្ចពិភាក្សាសួរដេញដោលជុំវិញប្រធានបទពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕