រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រុងពលី ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង

11

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ រួមនិងថ្នាក់ដឹកនាំមន្រ្តីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត បានរៀបចំពិធីសែនប្រុងពលី ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ពុទ្ធិជ័យមង្គល សិរីសួរស្តី នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលធ្វើនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្រោមព្រះរាជាអធិបតីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីប្រុងពលីនេះបានធ្វើឡើងទៅតាមទំនៀមទម្លាប់ ប្រពៃណី សាសនា នៅទីព្រះស្រែ ស្ថិតទីលានបាល់ទាត់ខេត្តកំពង់ឆ្នាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ពិធីសែនក្រុងពលីបានធ្វើឡើងទៅតាមលំដាប់លំដោយលំដោយនៃទំនៀមទម្លាប់ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ឱ្យដឹងលឺ និងឱ្យកិច្ចការនៃការរៀបចំបានប្រព្រឹត្តិទៅដោយសុខសប្បាយ ជោគជ័យ បានដំណើរការដោយរលូន ចាប់ពីពេលនេះតទៅ ។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នាឆ្នាំនេះនឹងប្រារព្វធ្វើនៅខេត្តកំពង់ឆ្នាំង ដោយបានកំណត់យកទីព្រះស្រែនៅទីលានបាល់ទាត់ស្ថិតនៅក្រុងកំពង់ឆ្នាំង នៃខេត្តកំពង់ឆ្នាំង ប្រារព្វធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ។ រហូតមកដល់នៅពេលនេះក្រុមការងាររបស់ក្រសួងព្រះបរមរាជវាំងកំពុងតែ រៀបចំយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដូចជាទីព្រះស្រែ ព្រះពន្លាជ័យ និង ការរៀបចំតុបតែស្តង់នីមួយៗ ដែលកិច្ចការទាំងនេះបានកិច្ចសហការយ៉ាងល្អជាមួយនិងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីពន្លឿន នៃកិច្ចដំណើរការរៀបចំបានលឿនតាមការគ្រោងទុក ។

ដោយឡែកអាជ្ញាធរខេត្ត កំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្ត ក៏កំពុងធ្វើការរៀបចំតុបតែងលំអរនៅតាមទីតាំងនានាក្នុងខេត្តកំពង់ឆ្នាំងទាំងអនាម័យ បរិស្ថាន សោភ័ណភាព ដែលកាន់តែធ្វើឱ្យខេត្តកំពង់ឆ្នាំង កាន់តែមានភាពស្រស់ស្អាតថែមទៀត ទាំងពេលថ្ងៃ និង ពេលរាត្រី ដែលព្រះរាជពិធីច្រត់ព្រះនង្គ័លនេះក៏អាចនឹងទាក់ទាញបាននូវភ្ញៀវជាតិ និង អន្តរជាតិ មកទស្សនាកាន់តែច្រើនផងដែរ៕