លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

17

មណ្ឌលគិរី ៖ លោកជំទាវ ជា សុផាកន្នី ភរិយាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានដឹកនាំប្រតិភូស្រ្តីក្រសួងបរិស្ថានចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយស្ដីពីវិធានការការពារ បង្ការទប់ស្កាត់ ជំងឺគ្រុនឈាម គ្រុនចាញ់ និងគ្រុនឈីក ការថែទាំសុខភាព និងចែកជូនមុងជ្រលក់ថ្នាំ ដល់ប្រជាសហគមន៍ និងមន្រ្តីឧទ្យានុរក្ស ដោយមានការចូលរួមពី លោកជំទាវ វិន ស៊ីធួន អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគីរី សហគមន៍ភូមិអូរណា សហគមន៍ភូមិអូររាម មន្រ្តីឧទ្យានុរក្សប្រចាំការនៅដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃកែវសីម៉ា ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃលំផាត់ និងគ្រូឧទ្ទេសពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត អាជ្ញាធរដែនដី និងប្រជាសហគមន៍សរុបចំនួន៤៤២នាក់។ ទន្ទឹមនឹងនេះ ប្រតិភូក្រសួងក៏បាននាំយកមុងចំនួន៥០០មុង និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ដែលជាអំណាយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងលោកជំទាវផងដែរ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ស្ថិតឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ។

ក្នុងនោះផងដែរ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារលុបបំបាត់ជំងឺឈាម ជំងឺគ្រុនចាញ់ និងដង្កូវព្រូន ក្រសួងបរិស្ថានបានមានប្រសាសន៍ កន្លងមក ក្រុមការងារស្រ្តី និង ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ក្រសួងបរិស្ថាន បាន នឹងកំពុងសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត រៀបចំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ ដែលគិតតាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន ក្រុមការងារបានចែកមុងសរុប ចំនួន៤៨.៨០០មុង ដល់ក្រុមគោលដៅ និងរៀបចំវគ្គបណ្តុះបណ្តាលដល់គណៈកម្មការសហគមន៍ និងមន្រ្តីឧទ្យានុរក្សចំនួន២៤វគ្គ សរុបចំនួន១.៧៦៦នាក់ មន្រ្តីឧទ្យានុរក្សចំនួន ៩០៧នាក់ និងសំណេះសំណាល និងផ្សព្វផ្សាយ ចំនួន ១២វគ្គ មានអ្នកចូលរួមសរុប ២.៥០០នាក់ ។

ក្នុងឱកាសដ៍វិសេសវិសាលនេះដែរ លោកជំទាវ ជា សុផាកន្នី ក៏បានលើកឡើងថា សុខភាពរបស់មនុស្សដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ។ ពេលយើងមានសុខភាពមិនល្អ យើងមិនអាចប្រកបកិច្ចការងារ និងរបរចិញ្ចឹមជីវិតជូនគ្រួសារបានល្អប្រសើរនោះទេ ជាក់ស្តែង
ការផ្សព្វផ្សាយចំណេះដឹងស្ដីពី ការការពារ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ និងគ្រុនឈាមនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ចំពោះបងប្អូនប្រជាសហគមន៍ និងមន្រ្តីឧទ្យានរក្ស ដែលបាននឹងកំពុងរស់នៅ ចុះល្បាត និងបម្រើសេវាកម្មអេកូទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។

បន្ទាប់មកទៀត គណៈប្រតិភូ ក៏បានអញ្ជើញទៅទស្សនកិច្ច សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង ជំរុំទោចថ្ពាល់លឿង ជំរុំទោចចាហ៊ូ ស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី ជាទីកន្លែងអេកូ-ទេសចរណ៍លំហែបៃតង ប្រកបដោយធម្មជាតិស្រស់ស្អាត និងការរៀបចំផ្ទះស្នាក់តាមបែបជនជាតិដើមភាគតិច គួរជាទីចាប់អារម្មណ៍ ទាក់ទាញភ្ញៀវទេសចរមកទស្សនា និងស្នាក់នៅ ដែលធ្វើឱ្យសហគមន៍ទទួលបានប្រាក់ចំណូលបន្ថែម សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ ក៏ដូចជាចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋានផ្ទាល់។

នាឱកាសនោះផងដែរ លោកជំទាវ ជា សុផាកន្នី និងគណៈប្រតិភូទាំងអស់បានអញ្ជើញដាំដើមឈើជានិមិត្តរូប ដើម្បីចូលរួមលើកកម្ពស់ភាពបៃតង សំដៅពង្រីកវិសាលភាពគម្របព្រៃឈើឲ្យបាន ៦០ % នៅឆ្នាំ២០៥០។

ជាចុងក្រោយ លោក ជំទាវ ជា សុផាកន្នី រួមជាមួយ គណៈប្រតិភូក៏បានបន្ដដំណើរទៅទស្សនកិច្ចនៅព្រំដែន កម្ពុជា វៀតណាម (ឡាប៉ាខេ)៕