សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន

8

ខេត្តកណ្តាល៖ សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើដែលមានយីហោ(ប៊ី ស្មាន) កំពុងតែគឃ្លើនជាមួយមន្ទីរបរិស្ថានខេត្តកណ្តាល បើទោះបីជាមន្ត្រីជំនាញចុះទៅពិនិត្យធ្វើការហាមឃាត់ម្តងជាពីរដងហើយក្តី។ ម្ចាស់សហគ្រាសនៅតែមិនខ្លាចញញើតច្បាប់បន្តិចទាល់តែសោះ គេមិនដឹងថាម្ចាស់សហគ្រាសផលិតទឹកក្រូចនិងទឹកផ្លែឈើខាងលើនេះ មានខ្នងបង្អែកគ្រាកៗនៅពីក្រោយខ្នងប៉ុណ្ណានោះទេ ទើបនៅតែគឃ្លើនមិនខ្លាចច្បាប់បែបនេះនោះ?។

បើយោងតាមរបាយការណ៍ដែលអង្គភាពយើងទទួលបានពីមន្ត្រីជំនាញដែលចុះទៅពិនិត្យទីតាំងសហគ្រាសខាងលើនេះ។

កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកណ្តាល បានចុះពិនិត្យ​ជាក់ស្តែងរួចមកហេីយ​ឃេីញថា​ ទីតាំងនេះជាសហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើ “ប៊ី ស្មាត”​ ហេីយក្រុមការងារបានធ្វើកំណត់​ហេតុជាមួយតំណាងម្ចាស់អាជីវកម្ម​ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ម្តងរួចមកហើយ ព្រមទាំងបានយកសំណាកទឹកដែលបង្ហូរចេញពីប្រព័ន្ធលូរបស់របស់សហគ្រាសដែលបង្ហូលសំណល់រាវ​ ចូលប្រឡាយសាធារណៈ ទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានផងដែរ​ (បច្ចុប្បន្នមន្ទីរកំពុងរងចាំលទ្ធផលវិភាគ)។

​   ហើយនៅថ្ងៃទី០៨ ខែមេសា​ ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តកណ្តាល​ ក៏បានចេញលិខិតបញ្ជាកែប្រែវិធានការគ្រប់គ្រងការ​បំពុលបរិស្ថាន ដល់ទៅម្ចាស់សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើ “ប៊ី ស្មាត” ផងដែរ ដោយបាន​ ដាក់ចេញនូវវិធានការចំនួន ០៣ ចំនុច ៖​ ដូចមាននៅក្នុងលិខិតលេខ ០៥២ សជណ បស្ថ.កណ ចុះថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៤ របស់មន្ទីរបរិស្ថានខេត្តកណ្តាល ស្តីពី ករណី​បញ្ជាកែប្រែវិធានការគ្រប់គ្រងការ​បំពុលបរិស្ថាន។

បើទោះបីមន្ទីរជំនាញបរិស្ថានចុះទៅពិនិត្យ ហាមឃាត់ម្ចាស់សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើខាងលើនេះក៏ដោយ បច្ចុប្បន្ននេះ ទីតាំងខាងលើនៅតែដំណើរការយ៉ាងរលូនមិនខ្លាចញញើតច្បាប់ទាល់តែសោះ៕