បង្គាជាង៦ពាន់គីឡូក្រាម ត្រូវបានចាក់បញ្ចូលសារធាតុគីមីទៅក្នុងក្បាលបង្គាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកបរិភោគ

40

កំពត៖បង្គាជាង៦ពាន់គីឡូក្រាម ត្រូវបានចាក់បញ្ចូលសារធាតុគីមីទៅក្នុងក្បាលបង្គាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកបរិភោគ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ នៅចំណុចមាត់ច្រកព្រែកចាកនៃខេត្តកំពត ។

តាមប្រភពព័ត៌មានដែល CPC ទើបទទួលបាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ បានឲ្យដឹងថា នាថ្ងៃទី១៧ និង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប. ប្រចាំខេត្តកំពត បានចូលរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ច ធ្វើការស្រាវជ្រាវរហូតរកឃើញ និង ស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន៥គ្រឿង ស្ថិតនៅមាត់ច្រកព្រែកចាកនៃខេត្តកំពត ។

ក្នុងនោះផងដែរ រថយន្ត២គ្រឿងចាប់បានក្នុងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ និង៣គ្រឿងទៀតបន្តរកឃើញ និង ចាប់បានក្នុងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ។ យោងតាមលទ្ធផលជាក់ស្ដែងរថយន្តទាំង ៥គ្រឿងខាងលើត្រូវបានមន្រ្តីជំនាញរកឃើញថាបង្គាចំនួន ៦,២៦៨គីឡូក្រាមមានសារធាតុគីមីដោយចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គាដែលធ្វើធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកបរិភោគ ។

ប្រភពព័ត៌មាន បន្តថា បង្គាទាំងអស់ត្រូវបានមន្រ្តីជំនាញដកហូត និង ដុតកម្ទេចចោលភ្លាមៗមិនចាំយូរឡើយ ។ ដោយឡែកចំពោះម្ចាស់ទំនិញត្រូវបានរងការពិន័យតាមច្បាប់ជាធរមាន ពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត ៕