បទយកការណ៍​ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ​ ក្រោម​គំនិត​​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​…

5

ខេត្តត្បូងឃ្មុំ៖កម្ពុជា​បាន​ប្រារព្ធ​ពិធីសង្ក្រាន្ដឆ្នាំថ្មី​ ដែលជា​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ គ្រប់​បណ្ដា​ភូមិ​ ស្រុក​ រាជធានី​ ខេត្ត​ ទូទាំង​ប្រទេស​ ដេីម្បី​អបអរសាទរ​ និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ ដែលត្រូវ​នឹង​ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធ​ស័ករាជ​ ២៥៦៧​ ឈានចូល​ ២៥៦៨​ ក្នុង​គ្រឹះ​ស័ករាជ​ ២០២៤។

បេីក្រឡេក​មេីលទៅ​មួយជ្រុង​ នៃ​ខេត្ត​ត្បូងឃ្មុំ​វិញ​ ស្រុក​អូររាំងឪ​ ក៏បាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែរ​ ដោយហៅថា​ សង្ក្រាន្ត​អូររាំងឪ​២០២៤​ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ដែលជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​កាងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ និង​ស្រុក​ពញាក្រែក​ រួម​ជាមួយ​រដ្ឋបាលស្រុក​អូររាំងឪ​ បាន​រៀបចំ​នៅ​ បរិវេណ​ឧទ្យាន​ទន្លេ​ស្ងួត​ ស្ថិត​នៅភូមិ​ថ្នល់​កែង​ ឃុំ​ព្រះធាតុ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​ ដែល​មាន​រយៈ​ពេល​ ០៥​ ថ្ងៃ​ រាប់​ពី​ថ្ងៃទី​ ១២​ ដល់​ថ្ងៃ​ទី​ ១៦ ខែមេសា​ ឆ្នាំ​២០២៤​។

ពិធី​សង្ក្រាន្ត​អូររាំងឪ​នេះ​ បាន​ចាប់ផ្ដើម​ប្រកាស​បេីក​ដំណើរការ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ចូល​រួម​កម្សាន្ត​ នៅថ្ងៃ​ទី​១២​ ខែមេសា​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​លោកជំទាវ​ ជា​ សុផាកន្នី​ រួម​ទាំង​មន្ដ្រី​អ្នក​មុខអ្នកការ​ ក្រសួង​បរិស្ថាន​ និង​មន្ដ្រី​មូលដ្ឋាន​ស្រុក​ ខេត្ត​ត្បូង​ឃ្មុំ​ផងដែរ​ និង​បិទ​បញ្ចប់​ពិធី​សង្ក្រាន្ត​អូររាំងឪ​វិញ​នៅថ្ងៃ​ទី​ ១៦ ខែមេសា​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ ដែល​ជាតំណាង​ដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​។

បេីតាម​របាយការណ៍​ពី​មន្រ្ដី​ក្នុង​ស្រុក​អូររាំងឪ​ និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​ បាន​ប្រាប់​សារព័ត៌មាន​យេីង​ថា​ ក្នុង​អំឡុង​ពេល​ប្រមាណ​ ០៥​ថ្ងៃ​ នៃ​ការ​ប្រារព្ធ​ពិធី​សង្ក្រាន្ត​អូររាំងឪ​នេះ​ មាន​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរណ៍​មកពី​គ្រប់​ទិសទី​ចូលរួម​កម្សាន្ត​សប្បាយ​ ប្រមាណជាង​ ១០៣,០០០នាក់​ សម្រាប់​ថ្ងៃ​បេីកទី១២​ ខែមេសា​ មាន​ចំនួន​ប្រមាណ​ ១២,៥០០នាក់​ ថ្ងៃ​ទី​១៣​ មាន​ចំនួន​ ១៧,៥០០នាក់​ ថ្ងៃ​ទី១៤​ ខែមេសា​ មាន​ចំនួន​ ២២,៥០០នាក់​ ហើយ​ថ្ងៃ​ទី​១៥​ ខែ​មេសា​ មាន​ចំនួន​ ២៥,៥០០នាក់​ និងថ្ងៃទី១៦​ ខែមេសា​ ត្រូវ​នឹង​បិទបញ្ចប់​សង្ក្រាន្ត​មាន​ចំនួន​ ២៦,០០០នាក់។  របាយការណ៍​ខាង​លើ​ជា​ចំនួន​ប្រហាក់ប្រហែល​ ដែល​ទទួល​បាន​ពីមន្ដ្រី​ស្រុក​អូររាំងឪ​ និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​។

ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​ រដ្ឋបាល​ស្រុក​ និង​ក្រុម​កាងារ​ក្រសួង​បរិស្ថាន​ បាន​រៀបចំ​ឡេីង​ក្នុង​ទំហំ​ដី​ប្រមាណ​ជាជាង​ ០៣​ ហិកតា​ ក្នុង​បរិវេណ​ឧទ្យាន​ទន្លេ​ស្ងួត​ ដោយ​មាន​លក្ខណៈ​ជា​ប្រពៃណី​ វប្បធម៌​ សាសនា​ និង​ការ​កម្សាន្ត​ មាន​ដូច​ជា​ ក្លោងទ្វារ​រចនា​បែប​បទខ្មែរ​ ធ្វើ​ឫស្សី​ តុបតែង​ដោយ​គ្រឿង​សម្រាប់​បុរាណ​ ដោយ​មាន​សរសេរ​ជាអក្សរ​ សង្ក្រាន្ត​អូររាំងឪ​២០២៤​ និង​ភ្ជាប់​នូវ​ពាក្យ​ស្លោក​របស់​ក្រសួង​បរិស្ថាន​ “ថ្ងៃនេះ​ ខ្ញុំ​មិនប្រេី​ថង់​ប្លាស្ទិក​ទេ”​ និង​ “យេីង​រួម​កម្លាំង​គ្នា​ ការពារ​បរិស្ថាន​កម្ពុជា​”​ រីឯខាង​ក្នុង​បរិវេណ​វិញ​ មាន​រៀបចំ​ ទីតាំង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​សណ្ឋាន​ និង​ទីតាំង​ក្របដោយ​ស្លឹក​ត្នោត​ មួកស្លឹក​ ក្រមា​ និង​ឆ័ត្រ​ចម្រុះ​ពណ៌​ជា​ច្រើន​ អមដោយ​ដេីមឈេីលំអ​ ផ្លែឈេី​ រទេះ​ និង​ចម្បេីង​ ព្រមទាំង​មាន​ភ្លើង​ពណ៌​លំអ​ជាដេីម​។  មួយវិញទៀត​មាន​ស្ដង់​ពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​អូររាំងឪ​ ដោយ​បណ្ដាឃុំផ្សេងៗ​ ក្នុង​ស្រុក​បាន​ដាក់​តាំងបង្ហាញ​អំពី​សម្មតិផល​ដែល​បណ្ដា​ឃុំ​នីមួយ​ៗមាន​ ព្រមទាំង​មាន​ស្ដង់​ចំណីអាហារ​ជា​ច្រើន​ប្រភេទ​ផងដែរ។  ម្យ៉ាងទៀត​ក្នុង​ការ​រៀបចំ​អបអរសាទរ​សង្រ្កាន្ត​អូររាំងឪ​ ក៏មាន​ការ​ប្រកួត​បាល់ទះ​កម្រិត​សិស្ស​វិទ្យាល័យ​ និង​មហាជន​ ដេីម្បី​ជ្រើសរើស​ចំណាត់​ថ្នាក់​លេខ​ ក្នុង​ទទួលបាន​រង្វាន់​លេីកទឹក​ចិត្ដ​ផងដែរ​។ អ្វី​ដែល​គួរឱ្យ​កត់​សម្គាល់​ សម្រាប់​មហាជន​ និង​ភ្ញៀវ​ទេសចរណ៍​មក​សប្បាយ​រីករាយ​នោះ​គឺមាន​តំបន់​ត្រជាក់​ចិត្ត​ ព្រម​ទាំង​ការ​ប្រគំតន្ត្រី​ រាំលេង​កម្សាន្ត​ក្រោម​តំណក់​ទឹក​ ជាមួយ​តារា​ចម្រៀង​ល្បីៗ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។

និយាយ​ជារួម​ ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ គ្រប់​ទិសទី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ អាច​ប្រព្រឹត្តិ​ទៅ​បាន​ដោយ​រលូន​ និង​សប្បាយ​រីករាយ​ ក៏ព្រោះ​កម្ពុជា​មាន​សន្ដិភាព​ ក្រោម​ការ​ដឹក​នាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និង​សម្ដេច​តេជោ​ ហ៊ុន​ សែន​ អតីត​នាយករដ្ឋមន្ត្រី​ ដែល​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ មាន​សេរីភាព​ និង​កម្សាន្ត​សប្បាយ​ក្នុង​ឱកាសបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​។

គូសបញ្ជាក់​ផងដែរ​ មហាជន​ដែល​បាន​មក​កម្សាន្ត​ក្នុង​ពិធី​សង្ក្រាន្ត ត​អូររាំងឪ​ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ ឯកឧត្តម​ បណ្ឌិត​ អ៊ាង​ សុផល្លែត​  រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ និង​កោតសរសើរ​មិន​ដាច់​ពី​មាត់​ នូវសមិទ្ធផល​ថ្មី​ ដែល​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បង្កើត​ឡើង​ក្នុង​បរិវេណ​ឧទ្យាន​ទន្លេ​ស្ងួត​ ដូច​ជា​ សួន​កម្សាន្ត​កុមារ​ សួន​ផ្កា​សស្បៃរឿង ១លាន​ គុម្ព​ និង​សង្ក្រាន្ត​នេះផ្ទាល់​ផងដែរ​។  មហាជន​ បាន​បន្ដថា​ គាត់​ពិត​ជា​មាន​សេចក្ដី​ត្រេកអរ​យ៉ាង​ខ្លាំង​ និង​មាន​សេចក្ដី​រីករាយ​ណាស់​ដែល​ស្រុក​អូររាំងឪ​មាន​ការ​អភិវឌ្ឍន៍​បែបនេះ​ ជា​ពិសេស​តំបន់​ឧទ្យាន​ទន្លេ​ស្ងួត​ ដែលធ្លាប់​តែ​ស្ងាត់​ជ្រងំ​ ប្រែ​ជា​អ៊ូអរ​ មាន​មនុស្ស​រាប់​ម៉ឺន​នាក់​មកកម្សាន្ដ​ និង​ទទួលបាន​នូវ​អារម្មណ៍​ប្លែក​ ដែល​នឹកស្មាន​មិន​ដល់៕