លោកនេត្រ ភក្ត្រា អំពាវនាវបោះឆ្នោតជូន គណបក្សប្រជជនកម្ពុជា ដើម្បី សម្តេចហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា

5

លោកនេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថាអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូន គណបក្សប្រជជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា។ សម្តេចតេជោ ហ៊ុន សែន បានប្រកាស ជាសាធារណៈរួចហើយ ឈរឈ្មោះ ជាបេក្ខភាពសម្រាប់ប្រធានព្រឹទ្ធសភានាពេលខាងមុខ។

លោកក៏បានជម្រាបជូនអង្គបោះឆ្នោតពីគោលនយោបាយអាទិភាព របស់ គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស និងគោលការណ៍គ្រឹះនៃការអភិវឌ្ឍឃុំសង្កាត់។

លោក ប្រធានក្រុមការងារគណបក្ស បានស្នើដល់អង្គបោះឆ្នោតយកចិត្តទុកដាក់ថែរក្សាសុខភាព របស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោត ឱ្យបានជាប់ជាប្រចាំ និងគោរពឱ្យបានខ្ជាប់ខ្ជួនបទបញ្ញត្តិច្បាប់នានា ពាក់ព័ន្ធទៅនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាផងដែរ។

លោកនេត្រ ភក្ត្រា បានថ្លែងថា«បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង និងបោះឆ្នោតដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ»។

ការអំពាវនាវ របស់ លោកនេត្រ ភក្ត្រា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាល ទី៥ ឆ្នាំ២០២៤ ក្នុងខេត្តក្រចេះ ស្ថិតក្នុងមណ្ឌលភូមិភាគ៨ ដោយមានការអញ្ជើញចូលរួមពីអង្គបោះឆ្នោត និងថ្នាក់ដឹកនាំសរុបជាង ៣០០ នាក់។

លោកបានថ្លែងថា គណបក្សប្រជាជនកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាគណបក្សនយោបាយតែមួយគត់ ដែលបានដើរតួនាទីស្នូលក្នុងសង្គ្រោះជាតិ នាំយកសុខសន្តិភាពពេញលេញ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ ហើយគ្មានគណបក្សណាមួយអាចមកជំនួសតួនាទីគណបក្សប្រជាជនកម្ពុជាបានឡើយ។

គណបក្សប្រជាជនកម្ពុជា ដែលតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ដកស្រង់សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, រយៈពេល ៤៥ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបានទទួលនូវជំនឿទុកចិត្ត ការជឿជាក់ និងគាំទ្រយ៉ាងរឹងមាំពីប្រជាពលរដ្ឋ និងបានធ្វើឱ្យ គណបក្សប្រជាជនកម្ពុជាបំពេញបេសកកម្មបម្រើជាតិ ប្រកបដោយជោគជ័យ តាំងពីដំណាក់កាលសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ។ បច្ចុប្បន្ន ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់នៃសុខសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់ដោយក្តីសង្ឃឹមលើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍ។

លោកនេត្រ ភក្ត្រា បានជម្រាបជូនអង្គបោះឆ្នោតនៃគណបក្សប្រជាជនកម្ពុជាថា ទោះក្នុងកាលៈណាក៏ដោយ គណបក្សប្រជាជនកម្ពុជាដែលបង្កើតឡើងដោយប្រជាជន ដើម្បីប្រជាជននិងសម្រាប់ប្រជាជន នៅរួមរស់ជាមួយប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជនជានិច្ច។

លោក នេត្រ ភក្ត្រា បានថ្លែងថា បោះឆ្នោតព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែពិតជាមានសារៈសំខាន់ដ៏ធំធេង និងជាការពង្រឹងដំណើរការប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា៕