លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹម ហើយសកម្មភាពនេះបានបង្កើតឡើងរយៈកាលជាង ១០ឆ្នាំ មកហើយ

7

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅ, ជំងឺមាត់ធ្មេញ, សន្លាក់, ភ្នែក, បេះដូង និងសួត ជូនដល់ប្រជាពលរដ្ឋ ចំនួនប្រមាណ ៣.៥១២ នាក់ ស្មើនិង ៥.៣៨៤ ករណី ដែលរស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត ព្រមជាមួយការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារ និងអាជ្ញាធរ ពាក់ព័ន្ធយ៉ាងច្រើនកុះករ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី លោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។
ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត សហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម ដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹម ហើយសកម្មភាពនេះបានបង្កើតឡើងរយៈកាលជាង ១០ឆ្នាំ មកហើយ ។

សូមបញ្ជាក់ថា រាល់ការចំណាយទាំងអស់ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាព ទាំងអស់បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះលោកជំទាវបណ្ឌិត ដែលដឹកនាំក្រុមគ្រូពេទ្យជំនាញចុះមកព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃទៀតផង ៕

សូមអរគុណក្រុមគ្រូពេទ្យ TYDA

🌐 Hun Manet (https://www.facebook.com/profile.php?id=100069511484329)
🌐 Samdech Thipadei Hun Manet, Prime Minister (https://www.facebook.com/Dr.Hunmanetofcambodia)of Cambodia (https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐 Instagram (https://www.instagram.com/dr.hunmanetofcambodia)
🌐 X(Twitter) (https://twitter.com/dr_hunmanet_pm)
🌐 YouTube (https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 Tiktok (https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)

#TYDA #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceofcambodia