សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ កំណែទម្រង់កងទ័ពត្រូវផ្អែកលើមូលដ្ឋាននៃស្មារតីជាតិនិយម

12

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាកំណែទម្រង់កងទ័ពត្រូវផ្អែកលើមូលដ្ឋាននៃស្មារតីជាតិនិយម នេះគឺជាកិច្ចការដែលយើងត្រូវធ្វើ គឺយ៉ាងម៉េចក៏ដោយកុំឱ្យបាត់អត្តសញ្ញាណ និងស្មារតីនៅក្នុងការការពារជាតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ នេះគឺជាមូលដ្ឋាននៃការធ្វើកំណែទម្រង់កងទ័ពរបស់យើងដែលត្រូវធ្វើឲ្យបាន។

សម្តេចធិបតី បានបន្ថែមថា កងទ័ពត្រូវការពារជាតិ សាសនា ព្រះមហាក្សត្រ និងថែរក្សាសុខសន្តិភាពឱ្យបានជាដាច់ខាត។ យើងកែទម្រង់ទៅបែបណាក៏ដោយគឺត្រូវផ្អែកលើមូលដ្ឋាននេះឯង។ ពង្រឹងកម្លាំងជាតិដើម្បីបម្រើប្រទេសជាតិ និងប្រជាជន នេះជាស្មារតីដែលយើងត្រូវប្រកាន់ភ្ជាប់នូវគ្រប់ដំណាក់កាលទាំងអស់ គ្រប់កាលៈទេសៈទាំងអស់ កុំឲ្យបែកបាក់ទៅវិញ។

ស្មារតីជាតិនិយម ក្រៅពីពង្រឹងស្មារតីគឺបានន័យថាពង្រឹងសមត្ថភាពកងទ័ពរបស់ជាតិដើម្បីធានាជោគជ័យនៅគ្រប់ភារកិច្ចជួនជាតិមាតុភូមិ និងដើម្បីឈានទៅសម្រេចបាននូវភាពម្ចាស់ការលើគ្រប់ជំនាញនៃកងទ័ពរបស់យើង។ បានន័យថាពង្រឹងសមត្ថភាពឯករាជ្យ ម្ចាស់ការលើគ្រប់វិស័យទាំងអស់របស់កងទ័ព នេះគឺជាស្មារតីផ្អែកលើស្មារតីជាតិនិយម។

ហើយការបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពនៃប្រទេសជាមិត្តទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិត្យានុភាពកងទ័ពកម្ពុជានៅលើឆាកអន្តរជាតិ ។

សម្តេចធិបតីសង្កត់ធ្ងន់ថា អញ្ចឹងស្មារតីទាំងនេះគឺជាមូលដ្ឋាននៃការធ្វើកំណែទម្រង់កងទ័ព ស្មារតីស្មោះត្រង់ដាច់ខាតជាតិមាតុភូមិ ការពារសុខសន្តិភាព ជាតិ សាសនា ព្រះមហាក្សត្រ ពង្រឹងសមត្ថភាពកងទ័ពក្លាយជាកងទ័ពជាតិមួយម្ចាស់ការលើគ្រប់វិស័យ។

សម្តេចធិបតី បានបញ្ជាក់បែបនេះក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ។