ឯកឧត្តម ហេង សួរ៖ ការដាក់ផ្ទាំង “Tourist Visa, Employment Is Not Permitted” នៅច្រកអន្តរជាតិជា​ការពួតដៃរួមគ្នាទប់ស្កាត់ការជួញដូរមនុស្សក្រោមរូបភាពមកធ្វើការនៅកម្ពុជា

6

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ក្រសួងមហាផ្ទៃក្នុងអាណត្តិទី៧នេះបានសហការគ្នាទប់ស្កាត់បទល្មើសជួញដូរមនុស្សមកកាន់កម្ពុជាដោយការដាក់ផ្ទាំងអក្សរជាភាសាអង់គ្លេសថា “Tourist Visa, Employment is not permitted” ដែលអាចប្រែសម្រួលបានថា ទិដ្ឋាការ​ទេសចរណ៍មិនអនុញ្ញាតឱ្យធ្វើការនៅប្រទេសកម្ពុជាបានទេ។

ដើមចមដែលធ្វើឱ្យមានការដាក់ផ្ទាំងអក្សនេះ គឺត្រូវបាន​ធ្វើឡើង​ក្រោយសំណើររបស់រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈទៅកាន់ក្រសួងមហាផ្ទៃដែលគ្រប់គ្រងអគ្គនាយកដ្ឋានជំនាញដើម្បីដាក់ផ្ទាំងអក្សរ “Tourist Visa, Employment is not permitted” នៅតាមច្រក​អន្តរជាតិទាំងអស់របស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីដដែល។

ឯកត្តមបន្ថែមថា “នេះជាយន្តការថ្មីមួយដែលធ្វើឱ្យគ្រប់ជន​បរទេសដែលត្រូវបានលួងលោម និងបោកបញ្ឆោត ហើយមិន​ដឹងថាទិដ្ឋាការបស់គាត់មិនត្រូវបានអនុញ្ញាតឱ្យមកធ្វើការនៅប្រទេសកម្ពុជាដោយស្របច្បាប់ ជាពិសេសនោះ គាត់ងាយ​ស្រួលប្តឹងទៅប៉ូលីសអន្តោប្រវេសន៍ដែលនៅក្បែរគាត់ ហើយអាចចាប់ឧក្រិដ្ឋជននៅទីនោះតែម្តង”។

បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ការធ្វើបែបនេះ ដើម្បី​កុំឱ្យឧក្រិដ្ឋជនអាចបោកប្រាស់ជនបរទេសមកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់បានតទៅទៀត ហើយការដាក់នេះ ក៏បង្ហាញទៅជនរងគ្រោះថាជនបរទេសនោះ ត្រូវបានគេបោក​បញ្ឆោត។

ទោះបីជាបែបណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់​ថា ការដាក់តាំងពាក្យនេះ បានបញ្ជាក់ពីឆន្ទៈនិងគោល​បំណងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបរវធិតី ហ៊ុន ម៉ាណែត ចង់បង្ក្រាបឱ្យបានទាំងស្រុងនូវ​បទល្មើសនេះនាពេលអនាគតបើទោះណាបញ្ហានេះត្រូវការពេលវេលា ដោយសារជាបញ្ហាជាសកលក៏ដោយ៕