សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលព្រះរាជដំណើរ យាងនិវត្តន៍របស់ព្រះមហាក្សត្រ ពីព្រះរាជទស្សនកិច្ចនៅខេត្ត Fujian ប្រទេសចិន

11

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងនិវត្តន៍ ពីសាធារណរដ្ឋប្រជាមានិតចិន មកកាន់មាតុប្រទេសវិញ ប្រកបដោយព្រះរាជជោគជ័យនិងព្រះរាជសុវត្ថិភាព នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមនិងឥស្សរជនជាតិជាន់ខ្ពស់ជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ រួមមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងសម្ដេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាតិ បានអញ្ជើញទទួលព្រះរាជដំណើររបស់ព្រះអង្គ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅខេត្តFujian សាធារណរដ្ឋប្រជាមានិតពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដែលនៅទីនោះ ព្រះអង្គបស្តេចយាងចូលរួមពិធីតាំងពិព័រណ៍សមិទ្ធផលគម្រប់ខួប៣០ឆ្នាំ នៃគម្រោងយុទ្ធសាស្ត្រ «៣៨២០»។
កូនចៅប្រជានុរាស្រ្ត សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំថ្វាយព្រះអង្គ ទ្រង់ប្រកបដោយ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រគ្រប់រូបរស់នៅក្នុងសុខសន្តិភាពតរៀងទៅ៕