ក្រុមប៉ូលិសខេត្តព្រះសីហនុបើកប្រតិបត្តិការស្រាវជ្រាវឈានដល់ការបង្ក្រាបករណីក្រុមជនប្រដាប់អាវុធ ចា..ប់ឃុំឃាំងបង្ខាំងមនុស្សដោយខុសច្បាប់បានចំនួន៧នាក់ និងកំពុងស្រាវជ្រាវចា..ប់បន្ត

28

កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣វេលាម៉ោង២៣៖០០នាទី បានទទួលព័ត៌មានថា នៅចំណុចផ្លូវម្លប់តាប៉ាង ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ ជិះរថយន្ត ០២គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាព ចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត ខណៈពេលដែលជនរងគ្រោះកំពុងដើរនៅតាមផ្លូវ ដោយក្រុមជនសង្ស័យមានអាវុធខ្លីគ្រប់ដៃ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចុះទៅដល់ទីតាំងកើតហេតុដើម្បីធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣វេលាម៉ោង៧៖០០នាទីព្រឹក ទើបមានប្រជាពលរដ្ឋបានប្រទះឃើញជនរងគ្រោះ នៅក្នុងប្រឡាយទឹក ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយដៃជាប់ខ្នោះទៅខាងក្រោយ និងមានរបួសស្នាមជាច្រើនកន្លែងនៅលើដៃ ជើង និងដងខ្លួន បច្ចុប្បន្នត្រូវបានបញ្ជូនទៅសម្រាកព្យាបាលមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩៖០០នាទី ទើបចាប់ឃាត់ខ្លួនបាន ជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានជនជាតិចិន២ ជនជាតិខ្មែរ៥ “ស្រី១” ជាបន្តបន្ទាប់ ។

ជនសង្ស័យទាំង៧នាក់ រួមមាន៖
*ទី១-ឈ្មោះ LU DONG DONG ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ *ទី២-ឈ្មោះ SUN ZHONGHUA ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខ EE0738338 មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ *ទី៣-ឈ្មោះ ប៉ិក តុលា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អង្គរក្សការពារចិន មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។*ទី៤-ឈ្មោះ នៅ ឡាយ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។*ទី៥-ឈ្មោះ ចត់ ហិង្សា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។*ទី៦-ឈ្មោះ សុខ មិច ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។*ទី៧-ឈ្មោះ ខន ដាលីន ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបានរួមមាន អាវុធខ្លី០៣ដើម គ្រាប់កាំភ្លើងចំរុះសរុបចំនួន៨៩គ្រាប់ ខ្នោះដៃ០២គូរ រថយន្ត ០៣គ្រឿង ជាមធ្យោបាយជិះប្រព្រឹត្តិបទល្មើស និងសម្ភារផ្សេងៗមួយចំនួន។

ចំពោះករណីនេះ មន្ត្រីនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តនីតិវិធី និងកំពុងបន្តធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យដែលនៅសេសសល់៕