អាជ្ញាធរ​ជាតិ​អប្សរា ស្នើមហាជន​កុំចែករំលែកវីដេអូ ដែលធ្វើឱ្យប៉ះពាល់​ដល់​វប្បធម៌ និង​បេតិកភណ្ឌ​របស់កម្ពុជា​

37

នៅ​ថ្ងៃអាទិត្យ ទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២៣ អាជ្ញាធរ​ជាតិ​អ​ប្សា​រា បានចេញ​សេចក្តីជូនដំណឹង​មួយ ពាក់ព័ន្ធ​នឹង​ការចែករំលែក​វីដេអូ កាត់ត នៅ​ប្រាសាទអង្គរវត្ត បង្ហោះ​ក្នុង​បណ្តាញ​សង្គម ធ្វើឱ្យប៉ះពាល់​ដល់​វប្បធម៌ និង​បេតិកភណ្ឌ ដ៏​ផូរផង់​របស់​កម្ពុជា​ដោយបាន​អំពាវនាវ​សូមឱ្យ​ចូល រួមចំណែក​ជួយ ទប់ស្កាត់ នូវ​ករណី​អវិជ្ជមាន​នានា ដែល​កើតមានឡើង ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែលជា​កិច្ច​ជួយ​ពង្រឹង​នូវ​តម្លៃ​នៃ មរតក​វប្បធម៌ ដែលជា​ដួងព្រលឹង​របស់​ជាតិ ។​

​សេចក្តីជូនដំណឹង បានសរសេរថា អាជ្ញាធរ​ជាតិ​អប្សរា មាន​កិត្តិយស សូម​ជម្រាប សាធារណជន មេត្តា​ជ្រាបថា ថ្មីៗ​នេះ មានការ​ចែករំលែក​ក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង សង្គម នូវ​វីដេអូ​ខ្លី​ថត​នៅ​ប្រាសាទអង្គរវត្ត អមដោយ​ភ្លេង និង​រូបភាព​កាត់ត​បញ្ចូល​ផ្សេងៗ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​វប្បធម៌ និង​បេតិកភណ្ឌ​ដ៏​ផូរផង់​របស់​កម្ពុជា​។

​អាជ្ញាធរ​ជាតិ​អប្សរា សូមបញ្ជាក់​ជូន​នូវ​ករណីនេះ ដូចខាងក្រោម​៖

១- កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៣ ក្រុម​ភ្នាក់ងារទេសចរណ៍​រប​ស់ អាជ្ញាធរ​ជាតិ អប្សរា បាន​ហាមឃាត់​អ្នកទេសចរ​បរទេសមួយ​ចំនួន ដែលមាន​បំណង​ថត​សម្លៀកបំពាក់ ច្នៃប្រឌិត ជាមួយនឹង​សម្ភារៈ​មួយចំនួន​។ បន្ទាប់ពី​ហាម​មិនឱ្យ​ប្រើប្រាស់​សម្ភារៈ​មួយចំនួន មក ភ្នាក់ងារទេសចរណ៍ ក៏បាន​តាម​ពិនិត្យ និង​បានស្នើ​សុំឱ្យ​លុបចោល​រូបភាព​មួយ ចំនួន​ផ្សេងៗ​ទៀត ដែលមាន​លក្ខណៈ​មិន​សមស្រប​។ ជាយថាហេតុ សមាជិក​នៅក្នុង ក្រុម​នោះ ដែល​បាន​ប្រើប្រាស់ ទូរ​សព្ទ​ដៃ ជា​ឧបករណ៍​ថត អាច​នឹង​ធ្វើការ​លាក់កំបាំង ហើយ​ប្រើប្រាស់​រូបភាព​មួយចំនួន ទាំង​ក្នុង និង​ក្រៅ​ប្រាសាទ យកមក​កាត់ត​បញ្ចូល​គ្នា ទាំង​សម្លេង និង​រូបភាព​ផ្សេងៗ ដើម្បី​ផ្សព្វផ្សាយ ក្នុង​គោលបំណង​មិនល្អ​។​

២- ដោយ​សកម្ម​ភាពជា​វីដេអូ​ឃ្លី​ប មាន​លក្ខណៈ​ញុះញង់ ក្នុងសង្គម អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្នើសុំ​ក្រុមហ៊ុន​បណ្តាញ​សង្គម Tik Tok ទប់ស្កាត់​ការ​បង្ហោះ​វីដេអូ​ឃ្លី​ប ក៏ដូចជា សំណូមពរ​ដល់​សាធារណជន​ទាំងអស់ សូមមេត្តា​កុំ​ចូលរួម​ចែករំលែក​បន្ត ពីព្រោះ​ជា ការគាំទ្រ​នូវ​ការ​ញុះញង់ ដល់​សកម្មភាព​អវិជ្ជមាន​ទាំងនោះ​។ ជាមួយគ្នានេះ អាជ្ញាធរ ជាតិ​អប្សរា សូម​អភ័យទោស ចំពោះ​ការខ្វះខាត​មួយចំនួន ដែល​កើតមានឡើង​ជាយ​ថា ហេតុ ហើយ​ប្តេជ្ញា​នឹង​ពង្រឹង​កិច្ច ការងារ​ក្នុងការ​ថែរក្សា​នូវ​រូបភាព​ដ៏​បវរ​នៃ​រមណីយដ្ឋាន អង្គរ​បន្ថែមទៀត​។​

៣- អាជ្ញាធរ​ជាតិ​អប្សរា សូម​ថ្លែងអំណរគុណ​ដ៏​ស្មោះស្ម័គ្រ ចំពោះ​ស្មារតី​ចូលរួម​របស់ សាធារណមតិ​ទាំងអស់ ដែល​បានរួម​ចំណែក​ជួយ​ទប់ស្កាត់ នូវ​ករណី​អវិជ្ជមាន​នានា ដែល​កើតមានឡើង ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែលជា​កិច្ច​ជួយ​ពង្រឹង​នូវ​តម្លៃ​នៃ មរតក​វប្បធម៌ ដែលជា​ដួងព្រលឹង​របស់​ជាតិ​៕