សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន

13

ភ្នំពេញ៖  នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន។


គោលដៅ “កម្ពុជាគ្មានមីនឆ្នាំ២០២៥” បាន និងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង, ខេត្តកែប, ខេត្តព្រៃវែង, រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង, ខេត្តកណ្តាល, ខេត្តតាកែវ និងខេត្តកំពត។
ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយ គឺ “កម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥។