សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅខេត្តកំពង់ចាម

8

នៅព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន​​ ១២.០៦០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមការអោយដឹងពីឯកឧត្តមបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា រោងចក្រ សហគ្រាសទាំង១៤នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៧ រោងចក្រដេរស្បែកជើងចំនួន ៥ រោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន​១ និងរោងចក្រតម្បាញចំនួន១​​។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាកម្ពុជា បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន លោកចង់ដឹងណាស់ពីសុខទុក្ខរបស់ពលរដ្ឋ កម្មករ និយោជិត និងចង់ដឹងពីគោលនយោបាយរបស់សម្ដេចដែលបានដាក់ចេញបានអនុវត្តដល់ណាហើយ។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ បងប្អូនកម្មករ និយោជិត ក្នុងខេត្តកំពង់ចាម ទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចធ្វើជានាយករដ្ឋមន្ត្រី ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងបន្តខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនជាងនេះបន្ថែមទៀត។ សម្ដេចធិបតីបន្តទៀតថា ដើម្បីឱ្យប្រជាពលរដ្ឋបន្តនៅជាមួយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនជាក់លាក់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលនឹងបន្តខិតខំបង្កើនសមត្ថភាព និងការងាររបស់មន្ត្រីរាជការ ដើម្បីបម្រើដល់ប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍កោតសរសើរដល់ក្រសួងការងារ ដែលបានធ្វើការងារលើការចរចាប្រាក់ឈ្នួលកម្មករកម្មារិនី បានលឿន តាមផែនការរបស់រាជរដ្ឋាភិបាល។ សម្ដេចធិបតី បង្ហាញពីការយកចិត្តទុកដាក់គិតគូរបង្កើតទារកដ្ឋាន ខណៈដែលទៅពេលអនាគតឪពុកម្ដាយអាណាព្យាបាលកាន់តែរវល់ជាមួយនឹងកិច្ចការងារ ។

នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសបន្តបង្កើតនូវគោលនយោបាយថ្មី ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋ។ គោលនយោបាយរាជរដ្ឋាភិបាលថ្មី នឹងខិតខំធ្វើ យ៉ាងណាឱ្យមាននិរន្តរភាព និងសង្គតិភាព ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។

សម្ដេចធិបតី បានថ្លែងថា កត្តាចម្បងដែលធ្វើឲ្យគោលដៅសម្រេចរបស់កម្ពុជា នៅឆ្នាំ២០៥០ គឺការថែរក្សានូវសុខសន្តិភាព។ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ កម្ពុជានឹងខិតខំទប់ស្កាត់មិនឲ្យមានការឆ្លងរាលដាលនៃសង្គ្រាម កើតឡើងនៅក្នុងតំបន់ ទៅតាមលទ្ធភាពជាក់ស្ដែង ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយទៅអ្នកនយោបាយចាស់វស្សា ដែលថារាជរដ្ឋាភិបាល មិនគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយភ្ជាប់បញ្ហាពលរដ្ឋនៅអ៊ីស្រាអែល ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋតាំងតែពីយូរមកហើយ ។ សម្ដេចធិបតីបានថ្លែងថា តាំងពីការផ្ទុះដំបូង នៃការបាញ់ប្រហារ របស់ពួកហាម៉ាស់ ទៅលើប្រទេសអ៊ីស្រាអែល និងធ្វើឲ្យនិស្សិតខ្មែរម្នាក់ស្លាប់ រាជរដ្ឋាភិបាលធ្វើការជាប់ប្រចាំជាមួយនិស្សិតផ្សេងៗ និងអាជ្ញាធរអ៊ីស្រាអែល ដើម្បីឲ្យពលរដ្ឋខ្មែរនៅទីនោះ មានសុវត្ថិភាព។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សពនិស្សិតខ្មែរ ដែលបានស្លាប់ដោយសារសង្គ្រាមរវាងកងកម្លាំងហា ម៉ាស់ និងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានមកដល់កម្ពុជា និងបានរៀបចំធ្វើបុណ្យតាមទំនៀមប្រពៃណីផងដែរ។ កម្ពុជាបានតាមដានជាប់ជាប្រចាំចំពោះស្ថានភាពនិស្សិត និងពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅប្រទេសអ៊ីស្រាអែល ព្រមទាំងបានទាក់ទងជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធានាសន្តិសុខសុវត្ថិភាពដល់និស្សិត និងពលរដ្ឋទាំងនោះ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អំឡុងពេលមានសង្គ្រាមរវាងកងកម្លាំងហាម៉ាស់ និងអ៊ីស្រាអែល រាជរដ្ឋាភិបាលបានជួលសណ្ឋាគារផ្កាយប្រាំ នៅតំបន់ព្រំដែនរវាងអេហ្ស៊ីប ហ្សកដង់ និងអ៊ីស្រាអែល ដើម្បីត្រៀមជាទីតាំងសុវត្ថិភាពសម្រាប់ឱ្យពលរដ្ឋ និងនិស្សិតខ្មែរស្នាក់នៅផងដែរ។មកទល់នឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលនៅតែបន្ត តាមដានជាប់ជាប្រចាំចំពោះស្ថានភាពនិស្សិត និងពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅអ៊ីស្រាអែលជាប់ជានិច្ច។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឱ្យរួមគ្នាថែរក្សាសុខសន្តិភាព កុំចាំ ដល់បាត់បង់សន្តិភាពទើបស្ដាយក្រោយឱ្យសោះ។សម្ដេចធិបតីបញ្ជាក់ថា សូមចងចាំពីតម្លៃរបស់សន្តិភាព មានសន្តិភាព មានការអភិវឌ្ឍរីកច និងម្រើនជាលំដាប់។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងខិតខំធ្វើយ៉ាងណាឱ្យបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលចង់ឃើញសមិទ្ធផលអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀតនាពេលខាងមុខ៕