សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព”

15

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព”។

កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងរយៈពេល ១ថ្ងៃ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានអ្នកចូលរួមដោយផ្ទាល់ចំនួន ២,០០០នាក់។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានមានប្រសាសន៍សំខាន់ៗដែលមានខ្លឹមសារដូចខាងក្រោម៖
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា វិស័យអប់រំ ដំណាក់កាលនេះ គឺជាដំណាក់កាលពង្រឹងវិស័យអប់រំ ដូច្នេះត្រូវយកសសរស្ដម្ភណាមួយ ក្នុងនោះមានដូចជាការពង្រឹងមូលដ្ឋាន នៃការសិក្សារបស់សិស្ស ចាប់តាំងពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ ឬមធ្យមសិក្សាតែម្ដង ដែលការអប់រំនេះ ត្រូវផ្ដោតលើលទ្ធផលចំនួន២ គឺសមត្ថភាព និងឥរិយាបថ (Soft Skill)។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពិនិត្យឱ្យបានម៉ត់ចត់ចំពោះការជ្រើសរើសនាយកសាលា ពីព្រោះនាយកសាលាគឺមានសារៈសំខាន់ណាស់ក្នុងការដឹកនាំលើការបណ្ដុះបណ្ដាលធនធានមនុស្ស ចាប់តាំងពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា។ សម្ដេចណែនាំដល់ក្រសួងអប់រំ ត្រូវរៀបចំគោលការណ៍ជ្រើសរើសនាយកសាលានេះមកសម្ដេចពិនិត្យ និងសម្រេច។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គ្រូបង្រៀនត្រូវមានទាំងចំណេះដឹង និងគុណធម៌ សីលធម៌ ដែលគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ ជាពិសេសជាការពង្រឹង និងបណ្ដុះបណ្ដាលធនធនមនុស្សល្អសម្រាប់ប្រទេសកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តគិតគូរ និងយកចិត្តទុកដាក់លើការដំឡើងប្រាក់បៀវត្ស និងអត្ថប្រយោជន៍ដល់គ្រូបង្រៀននៅទូទាំងប្រទេស ខណៈបច្ចុប្បន្នគ្រូបង្រៀន ក្របខណ្ឌ (ក) ទទួលបានប្រាក់បៀវត្សក្នុងរង្វង់ជិត ១លានរៀល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្ដេចបានណែនាំឱ្យលុបគម្រោងដែលមិនចាំបាច់តាមបណ្ដាក្រសួងស្ថាប័នមួយចំនួនចោល ក្នុងនោះរាជរដ្ឋាភិបាលអាចសន្សំថវិកាបានជាង ២០០ លានដុល្លារ។ ដូច្នេះសម្ដេចធិបតី ណែនាំដល់ក្រសួងស្ថាប័ននានា ត្រូវពិនិត្យ និងអនុវត្តលុបចោលចំពោះគម្រោងដែលមិនចាំបាច់នៅតាមសាមីក្រសួងរបស់ខ្លួន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅត្រូវកាត់បន្ថយ ការដំឡើង​ឋានន្តរសក្ដិថ្នាក់នាយទាហាន ដោយត្រូវបង្កើនការជ្រើសរើសពលទាហានវិញ ដើម្បីកាត់បន្ថយការចំណាយថវិការបស់ជាតិ។
សម្តេចធិបតី លើកទឹកចិត្តដល់តាមបណ្ដាសាលារៀន ក្រៅពីការបង្រៀនសិស្សតាមមុខវិជ្ជាគោលដែលមានស្រាប់ សាលារៀនក៏ត្រូវបង្រៀនសិស្សបន្ថែមទៀត លើការស្ម័គ្រចិត្តចូលរួមធ្វើកិច្ចការងារសង្គមផ្សេងៗបន្ថែមទៀត ដើម្បីឱ្យយុវជនចេះចូលរួមធ្វើកិច្ចការងារក្នុងសង្គមជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងអប់រំ និងសាលារៀនចំពោះការផ្ដល់ពិន្ទុដល់សិស្ស កុំគិតតែលើលទ្ធផលលើក្រដាស ប៉ុន្ដែក៏ត្រូវពិនិត្យមើលលើសកម្មភាព និងឥរិយាបថជាក់ស្ដែងរបស់សិស្ស ក្នុងការសិក្សារៀនសូត្រផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តអនុវត្តគោលនយោបាយជាអាទិភាពលើវិស័យអប់រំ និងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នវិស័យទាំងពីរនេះ រាជរដ្ឋាភិបាលបានវិនិយោគច្រើនជាងវិស័យផ្សេងៗទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យពិនិត្យការលក់ដូរអាហារនៅតាមសាលារៀនទាំង អស់ទាំងវិស័យឯកជន និងរដ្ឋ ខណៈអាហារខ្លះអាចមានផលប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស។ សម្ដេចធិបតី អំពាវនាវដល់អ្នកលក់ដូរនៅតាមសាលារៀនឱ្យគិតគូរពីបញ្ហាសុខភាពរបស់សិស្ស។