ឯកឧត្តម យ៉ែម ណយ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង អង្គភាពសារព័ត៌មានក្នុងស្រុកចំនួន២៨អង្គភាព..

46

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជាឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានអញ្ជើញអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងអង្គភាពសារព័ត៌មានចំនួន ២៨អង្គភាព ស្ដីពីការបង្កើតកិច្ចការ និងចងក្រងជាគ្រុបព័ត៌មានសាមគ្គីថ្មី។


លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា លេីកឡេីងថា អង្គភាពសារព័ត៌មានចំនួន២៨អង្គភាព បានផ្ដួចផ្ដើមគំនិតបង្កើតគ្រុបព័ត៌មានសាមគ្គីថ្មី លេីកិច្ចសហការគ្នា ក្នុងគោលបំណង បង្កើតចំណងមេត្រីភាព កិច្ចសហប្រតិបត្ដិការ លេីវិស័យព័ត៌មាន ការផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹងពីគ្នាទៅវិញទៅមក ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងបុព្វហេតុធ្វើឱ្យព័ត៌មាន មានភាពរស់រវើក និងជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ។
ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នានោះដែរ ឯកឧត្ដម យ៉ែម ណយ បានពាំនាំនូវការសួរសុខទុក្ខ និងផ្ដាំផ្ញើពី ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបានចង្អុលបង្ហាញថា សូមឱ្យអ្នកសារព័ត៌មានទាំងត្រូវតែប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ហើយធ្វើការផ្សព្វផ្សាយព័ត៌មានពិតមានប្រភពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ហើយប្រឆាំងដាច់ខាតព័ត៌មានក្លែងក្លាយផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្ដម ជា ដែន ប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតគ្រុបព័ត៌មានសាមគ្គីថ្មីនេះ គឺបង្កើតឡើងក្នុងគោលបំណង ដោយយល់ឃើញថាអង្គភាពសារព័ត៌មានត្រូវបានដើរតាមក្រោមការដឹកនាំ នឹងចង្អុលបង្ហាញរបស់ក្រសួងព័ត៌មាន នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបំពេញការងារ ទើបអង្គភាពសារព័ត៌មានចំនួន២៨អង្គភាព បានចងក្រងដោយមានគោលបំណងមួយ និងបេសកម្មចំនួន៨ ក្រោមការដឹកនាំគ្រុបព័ត៌មានសាមគ្គីថ្មីនេះឱ្យមានភាពរីកចម្រើននិងប្រកបដោយគុណភាពផងដែរ។

គួរបញ្ជាក់ផងដែរថា អង្គភាពសារព័ត៌មានចំនួន ២៨ អង្គភាព ចុះអនុស្សរណ:នាឱកាសនោះ មានសមាគមសារព័ត៌មានចំនួន០៣ ចូលរួមដឹងលឺ និងធ្វើជាសាក្សីរួមមាន សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សមាគមអ្នកសារព័ត៌មានយុវជន និងសមាគមអ្នកសារព័ត៌មានឯករាជ្យជាតិកម្ពុជា ព្រមទាំងមានភ្ញៀវកិត្តិយសចូលរួម ប្រមាណជាង១០០នាក់ ភាគច្រើនអ្នកប្រកបវិជ្ជាជីវ:ព័ត៌មាន។
ដើម្បីជាការលើកទឹកចិត្តដល់អ្នកសារព័ត៌មាននៅក្នុងឱកាសនោះ ឯកឧត្តម ជា ដែន ប្រធានកិត្តិយសសមាគមនអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានឧបត្ថមដល់អង្គភាពចំនួន២៨ដែលបានចងក្រង និងទើបតែបង្កើតគ្រុបព័ត៌មានសាមគ្គីថ្មី ដោយលោកចាងហ្វាងម្នាក់ទទួលបានចំនួន០១លានរៀល ចំណែកសមាគមចំនួន០៣ដែលចូលរួមក្នុង០១សមាគមទទួលបានថវិកាចំនួន០២លានរៀល។
នៅចុងបញ្ចប់កម្មវិធីចុះអនុស្សរណៈយោគយល់គ្នានោះដែរ ក៏មានប្រគល់សេចក្តីសម្រេចជូនប្រធាន និងអនុប្រធានក្រុមសារព័ត៌មាន និងប្រគល់ជូនអាវចំនួន២៨ដល់ ចាងហ្វាយ ហើយក៏មានការថតរូបជាមួយថ្នាក់ដឹកនាំទុកជាអនុស្សាវរីយ៍ ដើម្បីជាសក្ខីភាពនៅក្នុងកម្មវិធីនោះផងដែរ៕