ខ្លឹមសារជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

6

នៅថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤ រសៀល, នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម ។

កិច្ចជំនួបនេះ មានចំណុចពិភាក្សាសំខាន់ៗ ដូចខាងក្រោម៖

ទី១. សម្ដេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅ ចំពោះដំណើរទស្សនកិច្ច របស់ ឯកឧត្តម លីវ ជានឆាវ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងដ៏ជិតស្និទ្ធរវាង បក្ស និង រដ្ឋ នៃប្រទេសទាំងពីរ ។ ឯកឧត្តម លីវ ជានឆាវ ក៏បានលើកឡើងផងដែរ អំពីការយកចិត្តទុកដាក់ ខ្ពស់ចំពោះកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំចិន ជាពិសេសពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង និង សូមអបអរចំពោះជោគជ័យភ្លូកទឹកភ្លូកដី របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងកមនេះ ។ ជាមួយនឹងការថ្លែងអំណរគុណ, សម្ដេចមហាបវរធិបតី បាន បញ្ជាក់ថា លទ្ធផលដ៏ល្អនេះ បានបង្ហាញអំពីការវាស់ស្ទង់ពីរ គឺ (១). ការគាំទ្ររបស់ប្រជាជនកម្ពុជា ចំពោះ សម្ដេចតេជោ ហ៊ុន សែន និង គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និង (២). ការគាំទ្ររបស់ប្រជាជនកម្ពុជា ចំពោះអ្នកបន្តវេនរបស់កម្ពុជា ។ សម្តេចមហាបវរធិបតី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា គឺ មិនអាចកាត់ផ្តាច់ចេញបានឡើយ ពីការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល និង ប្រជាជនចិន ជាពិសេស ការផ្តល់ជំនួយទាន់ពេលក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យរបស់កម្ពុជា ។

ទី២. ឯកឧត្តម លីវ ជានឆាវ បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ជាមួយកម្ពុជា ក្នុងការជំរុញការអនុវត្តគំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការគ្រប់រូបភាព ឱ្យទទួលបានផ្លែផ្កា និង ជោគជ័យ ។ ក្នុងន័យនេះ ឯកឧត្តម បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិនបន្តគាំទ្រដល់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដ៏គ្រប់ជ្រុងជ្រោយ ប្រកបដោយ យុទ្ធសាស្ត្រ និង ចក្ខុវិស័យច្បាស់លាស់ ក្នុងរយៈពេលមិនដល់១ខែ នៃការចូលកាន់តំណែងរបស់ សម្ដេចមហាបវរធិបតី។

ទី៣. សម្តេចមហាបវរធិបតី បានថ្លែងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, គណបក្សប្រជាជនកម្ពុជានឹងបន្តគាំទ្រគោលនយោបាយចិនមួយ ហើយសម្ដេចមហាបវរធិបតី ប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត មានដូចជាការបណ្តុះបណ្តាលយុវជន, គម្រោងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន, និង កិច្ចសហប្រតិបត្តិការដ៏ទៃទៀត ដែលគ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នា (MOU) នាពេលខាងមុខនេះ ជាសក្ខីភាពស្រាប់ ។

ទី៤. ឯកឧត្តម លីវ ជានឆាវ បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តអនុវត្តការទូតមេត្រីភាពចំពោះចិន ។ នេះ គឺជាឆន្ទៈដ៏មុតមាំនៃការកសាងឱ្យបាននូវសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលប្រទេសទាំងពីរជាមិត្តភ័ក្តិដ៏ស្មោះត្រង់ និង ជាបងប្អូនបង្កើត ដែល រួមសុខរួមទុក្ខនឹងគ្នាជាដរាបរៀងមក ។ ឯកឧត្តម លីវ ជានឆាវ មានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការ អភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ដែលជាអ្នកនយោបាយវ័យក្មេង, ពោរពេញទៅដោយសមត្ថភាព, ចក្ខុវិស័យវែងឆ្ងាយ និង មានមនសិការនយោបាយដ៏គួរឱ្យគោរព ។ ឯកឧត្តម ក៏ បានសម្តែងនូវការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអ្នកយុទ្ធសាស្រ្ត អ្នកបដិវត្ត អ្នកដឹកនាំ និង យោធាដ៏ពិត ប្រាកដ និង ត្រូវបានចាត់ទុកជាគ្រូបង្រៀនវិស័យនយោបាយដ៏គួរឱ្យគោរពរបស់ថ្នាក់ដឹកនាំចិន ។

ជាទីបញ្ចប់, សម្ដេចមហាបវរធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍ដ៏មាន អត្ថន័យនេះ និង បានជូនពរឯកឧត្តម លីវ ជានឆាវ ឱ្យទទួលបានជោគជ័យជាផ្លែផ្កានៅក្នុងដំណើរទស្សនកិច្ចនេះ និង សូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ។

#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia