លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិថ្មី ត្រូវប្រកាសចូលកាន់តំណែងជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

25

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោកនាយឧត្តមសេនីយ៍ ស ថេត ត្រូវប្រកាសជាអគ្គស្នងការនគរបាលជាតិ ជំនួសឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន។ ពីធីប្រកាសនេះ ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សូមមកស្វែងយល់ពីជីវប្រវត្តិសង្ខេប របស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលថ្មី។

១- ប្រវត្តិ និងការសិក្សា
ឯកឧត្តម ស ថេត កើតនៅឆ្នាំ១៩៧២ ក្នុងគ្រួសារកសិករ នៅភូមិអណ្តូងស្អាត ឃុំក្របៅ ស្រុក កំចាយមារ ខេត្តព្រៃវែង ដែលមាន​ឪពុក​ឈ្មោះ ស ទិត្យ ដែលបានទទួលមរណភាពតាំងពីឆ្នាំ១៩៩៦ និង ម្ដាយឈ្មោះ ផូ ភួង ដែលកំពុងរស់នៅសព្វថ្ងៃមានអាយុ ៩៤ឆ្នាំ។ ឯកឧត្តម មានចំណេះដឹងចំនួនពីរភាសា គឺភាសាខ្មែរ និងភាសាថៃ។
ក្នុងនាមជាកូនកំព្រាឳពុក ឯកឧត្តម ស ថេត បានខិតខំតស៊ូរៀនសូត្រ ចាប់ពីបឋមសិក្សាដល់វិទ្យាល័យ ក្នុងខេត្តព្រៃវែង។ ក្រោយ​បញ្ចប់ការសិក្សា ដោយមានចំណង់ចំណូលចិត្ត និងក្នុងគោលបំណងដើម្បីបម្រើ ជាតិ មាតុភូមិ ក៏ដូចជាប្រជាពលរដ្ឋលោកបានប្រឡង​ចូលក្របខ័ណ្ឌនគរបាលជាតិ នៅថ្ងៃទី០១ ខែ មករា ឆ្នាំ១៩៩៥ បានសិក្សាវគ្គបណ្តុះបណ្តាលជំនាញនគរបាល និងវគ្គជំនាញមន្ត្រី​នគរបាលយុត្តិធម៌ នៅបណ្ឌិត្យសភានគរបាល កម្ពុជា។ ក្រៅពីការសិក្សានៅក្នុងប្រទេសកម្ពុជាលោកបានស្វែងរកការ សិក្សានៅក្រៅប្រទេស ដោយ បានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសថៃឡង់ដ៍ រយៈពេលចំនួន ៥ឆ្នាំ (១៩៩៧-២០០២) លើមុខជំនាញផ្នែក គ្រប់គ្រង នៅ សាកលវិទ្យាល័យ កាសតសាត។
២- ការងារ និងបទពិសោធន៍
ក្រោយបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាប័ត្រជាន់ខ្ពស់មកពីប្រទេសថៃឡង់ដ៏ រួមជាមួយបទពិសោធន៍ការងារ ស្នាដៃជាបន្តបន្ទាប់ និងមាន​សមត្ថភាពខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់លោកត្រូវបានថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃដំឡើងឋានន្តរសក្តិ និងតួនាទីជា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅឆ្នាំ ២០០២ (២០០២-២០០៨) រយៈពេលចំនួន ៦ឆ្នាំ។
ដោយមានបទពិសោធន៍ក្នុងការអនុវត្តការងារនាពេលកន្លងមក នៅក្នុងឆ្នាំ ២០០៨លោកត្រូវបានប្រកាសតែងតាំងជាស្នងការ នៃស្នងការ​ដ្ឋាននគរបាលខេត្តបាត់ដំបង (២០០៨- ២០១៧) រយៈពេល ចំនួន ៩ឆ្នាំ ដោយពិនិត្យពីស្នាដៃ និងសមិទ្ធផលនានា ក្រោមការគ្រប់គ្រង់ ដឹកនាំ របស់លោកឧត្តមសេនីយ៍ឯក ស ថេត ត្រូវបានដំឡើងឋានន្តរសក្តិជា ឧត្តមសេនីយ៍ឯក និងដំឡើងត នាទីជា អគ្គស្នងការរងនគរ​បាលជាតិ។ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ត្រូវបានប្រកាស​តែងតាំងជា ស្នងការ នៃស្នងការដ្ឋាន នគរបាលរាជ ធានីភ្នំពេញ រហូតបច្ចុប្បន្ន (២០១៨-២០២៣) រយៈពេលចំនួន ៥ឆ្នាំ។
៣- តួនាទីភារកិច្ចក្នុងការដឹកនាំអង្គភាព និងគ្រប់គង់កងកម្លាំង
លោកត្រូវបានមើលឃើញថាបានដឹកនាំបញ្ហាកងកម្លាំង ក្នុងការរក្សាបាននូវសន្តិសុខ សុវត្ថិភាព ស ណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ដូចជាការចូលរួមទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩, ការរៀបចំការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥, សន្និសីទ អាស៊ានណាប៉ូលលើកទី៤០ មហាសន្និបាតសភាអាស៊ីលើកទី៤៣ កិច្ចប្រជុំកំពូល​អាស៊ានលើក ទី៤០-៤១និងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ អាស៊ានប៉ារ៉ា​ហ្គេមលើកទី១២ ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ ដែលព្រឹត្តិការណ៍សំខាន់ៗទាំងនេះ ប្រកបដោយជោគជ័យគួរជា ទីមោទនៈដែលសុទ្ធសឹងតែជាភារកិច្ច និងជា​បន្ទុកទទួលខុសត្រូវរបស់លោកជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្រៅពីការអនុវត្តភារកិច្ចស្នូលខាងលើនេះ ឯកឧត្តម បានដឹកនាំបញ្ហាកងកម្លាំង រួមចំណែកយ៉ាងសស្រាក់សសំ ក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារ គ្រោះធម្មជាតិ និង គ្រោះថ្នាក់ផ្សេងៗ។ល។
ដោយមានស្នាដៃជាច្រើនក្នុងការបម្រើជាតិ មាតុភូមិ ក៏ដូចជាប្រជាពលរដ្ឋ ជាពិសេសសមត្ថភាពក្នុងការ គ្រប់គ្រងដឹកនាំអង្គភាពយ៉ាង​មានប្រសិទ្ធភាពនាកន្លងមក ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជ ទានគ្រឿងឥស្សរិយយសជាតូបការ។
គួរជម្រាបថា ក្នុងការបំពេញតួនាទីភារកិច្ចជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកបានខិតខំ បំពេញភារកិច្ចទាំងការគ្រប់​គ្រង ដឹកនាំបញ្ជា​កងកម្លាំង ក្នុងការរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ ធ្នាប់ ក្នុងខេត្ត ជាពិសេសលោក បានអភិវឌ្ឍន៍អង្គភាពជា​ច្រើន​ដូចជាការកសាងអគារ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងវិន័យកងកម្លាំង ការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ស័ក្តិសមជាកង​កម្លាំង​នគរបាល ជាតិ ដើម្បីបម្រើជាតិ និងផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាពដល់ប្រជាពលរដ្ឋឱ្យបាន ល្អប្រសើរ ៕