ឯកឧត្តម ហ៊ុន ម៉ាណែត៖ យើងគ្រប់ៗគ្នា បានរស់រានមកដល់ថ្ងៃនេះ ដោយសារការលះបង់របស់ថ្នាក់ដឹកនាំបក្សប្រជាជន ងើបតស៊ូរំដោះប្រទេសចេញពីរបប ប៉ុល ពត

20

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា យើងគ្រប់ៗគ្នា សុទ្ធតែបានរស់រានមកដល់ថ្ងៃនេះ ដោយសារការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានងើបតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យើងមានជីវភាពល្អសមរម្យដល់សព្វថ្ងៃនេះ ក៏ដោយសារការគាំទ្រគ្រប់រូបភាពរបស់រាជរដ្ឋាភិបាល ដែលបានបំពាក់ឱ្យយើងនូវចំណេះដឹង, ចំណេះធ្វើ, ជំនាញ និងធនធាននានា បម្រើឱ្យការអភិវឌ្ឍខ្លួនទៅមុខ ។

ឯកឧត្តមបណ្ឌិត គូសបញ្ជាក់ថា យើងអាចមានជីវភាពប្រកបដោយសុភមង្គល និងសុខសាន្ត ក៏ដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការយកឈ្នះជំងឺកូវីដ-១៩ ដែលបានការពារ សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងអាចបើកដំណើរការប្រទេសឡើងវិញដោយធានានិរន្តភាពនៃសកម្មភាពសង្គម-សេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ ៕