បណ្ឌិត ហ៊ុន ម៉ាណែត៖ ទិសស្លោក «អតីតកាលឈឺចាប់ បច្ចុប្បន្នស៊ូយ៉ាប់ ដើម្បីអនាគតរុងរឿង» គឺជាមាគ៌ាសំខាន់ក្នុងការអភិវឌ្ឍប្រទេស

14

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទិសស្លោក «អតីតកាលឈឺចាប់ បច្ចុប្បន្នស៊ូយ៉ាប់ ដើម្បីអនាគតរុងរឿង» គឺជាមាគ៌ាសំខាន់ក្នុងការអភិវឌ្ឍប្រទេស ដែលមានគោលដៅធ្វើឱ្យប្រជាជនមានជីវិតរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ តាមរយៈការផ្តល់នូវសិទ្ធិសេរីភាព ជីវភាព សុខសន្តិភាព និងសេចក្តីសុខសុភមង្គល ព្រមជាមួយនឹងឱកាសគ្រប់បែបយ៉ាងក្នុងការរៀបចំផែនការជីវិតសម្រាប់អនាគតរបស់ខ្លួន។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែករបស់រោងចក្រ-សហគ្រាស មកពីខេត្តកំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្តាល និងខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល បានខិតខំបង្កលក្ខណៈតាមគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋអាចបំពេញនូវសក្តានុពល និងសម្រេចនូវក្តីស្រមៃរបស់ខ្លួន តាមរយៈការដាក់ចេញនូវគោលនយោបាយរបបសេដ្ឋកិច្ចទីផ្សារសេរី កម្មសិទ្ធិឯកជន ការលើកកម្ពស់វិស័យអប់រំ និងការទាក់ទាញការវិនិយោគ ដើម្បីបង្កើនឱកាសការងារជូនដល់ប្រជាជន ៕