សម្តេចក្រឡាហោម ស ខេង អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកសង្កែ

12

ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកសង្កែ ព្រមទាំងថ្នាក់ដឹកនាំឃុំ និងភូមិ អញ្ជើញមកពីស្រុកបាណន់ និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខដឹកនាំ បានមានប្រសាសន៍ថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គពិធីទាំងមូលដែលបានចំណាយពេលវេលាអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនេះ ជាពិសេសសម្រាប់ការខិតខំបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦នេះ។

ទន្ទឹមនឹងការកោតសរសេរចំពោះមន្ត្រីរាជការ និងកម្លាំង ព្រមទាំងថ្នាក់ដឹកនាំឃុំ និងភូមិដែលកំពុងបំពេញតួនាទី និងភារកិច្ច សម្តេចឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីគុណបំណាច់នៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជនដែលតស៊ូធ្វើពលិកម្មក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថេរភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យ។

សម្ដេច បានមានប្រសាសន៍ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្តនូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់វុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់។

ពីវេទិកាអធិបតីនោះដែរ សម្ដេចក្រឡាហោម ក៏បានផ្ដល់ទស្សនាទានជូនអង្គពិធីបញ្ហាប្រឈមលើពិភពលោកដែលតិចឬច្រើនបានជះឥទ្ធិផលមកលើប្រទេសកម្ពុជា ក្នុងនោះរួមមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងលោកខាងលិច និងខាងកើត សង្គ្រាមរវាងរុស្សុី និងអ៊ុយក្រែន វិបត្តិថាមពល និងស្បៀងអាហារ បញ្ហាសង្គ្រាមសុីវិលនៅប្រទេសស៊ូដង់ និងការប្រែលប្រួលអាកាសធាតុកាន់តែអាក្រក់ បន្ថែមលើបន្ទុកបញ្ហាបណ្ដាលមកពីជំងឺកូវីដ-១៩ដែលពិភពលោកមិនទាន់ដោះស្រាយចប់នៅឡើយ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ទាញចំណាប់អង្គពិធីថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងខេត្តបាត់ដំបង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ផ្អែកលើមូលដ្ឋាននេះ សម្ដេចបានបន្តមានប្រសាសន៍អង្គពិធីអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។

សម្ដេចក៏បានគូសបញ្ជាក់បន្ថែមអំពីទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំបន្តទៀតក្នុងក្របខណ្ឌរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា និងបានសង្កត់ធ្ងន់ជាថ្មីទៀតអំពីសារៈសំខាន់នៃការរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យជាទៀងទាត់ និងត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខនេះ ដែលត្រូវតែបន្តរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ។

ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍ជូនអង្គពិធី ចូលរួមផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងដែលបានធ្វើចំណាកស្រុក ទាំងនៅក្នុង និងក្រៅប្រទេស សូមត្រៀមឯកសារដើម្បីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាលើកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នាំមកនូវសុខសន្តិភាព ស្ថេរភាពជាតិ និងការអភិវឌ្ឍជាតិ ដូចដែលកម្ពុជាបានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៣មក។នៅចុងបញ្ចប់នៃពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកបរវេលនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយជូនអតីតមន្រ្តីរាជការ អតីតកងកម្លាំងប្រដាប់អាវុធដែលមានស្នាដៃឆ្នើមក្នុងការចូលរួមចំណែកបម្រើបុព្វហេតុជាតិ និងប្រជាជន