សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យកម្មករ កម្មការិនី ទៅបោះឆ្នោតឱ្យបានគ្រប់គ្នា

25

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវឱ្យកម្មករ កម្មការិនី ទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ ​ខណៈថ្ងៃបោះឆ្នោតនៅសល់តែជាងមួយខែទៀតតែប៉ុណ្ណឹង។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានបញ្ជាក់ថា «សូមក្មួយទាំងអស់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខសូមនាំគ្នាទៅបោះឆ្នោត។ ក្មួយៗនឹងបានឈប់សម្រាកបីថ្ងៃគឺ ទី២២ ២៣ និង២៤។ អ៊ីចឹងបើក្មួយៗនៅនេះច្បាស់ណាស់ថាថ្ងៃបោះឆ្នោត គឺជាថ្ងៃដែលក្មួយៗបានសម្រាក»។

សូមបញ្ជាក់ថា ​សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានកំណត់រៀបចំឡើងនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨ ៕