រយៈ២ឆ្នាំ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៦,៧ពាន់តោន នៅនៅខេត្តមណ្ឌលគិរី

32

ក្នុងរយៈពេល២ឆ្នាំ កម្ពុជាចម្រាញ់រ៉ែមាសពីតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរីបានចំនួន ៦ ៧២៧គីឡូក្រាម ដោយ​ទទួលបានចំណូលសួយសារពីក្រុមហ៊ុនរ៉ឺនេសង់ មីនេីរ៉ល បានចំនួន១០លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល។

ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បានលើក​ឡើងថា ដំណើរការ​អាជីវកម្មធនធានរ៉ែដែលក្រុមហ៊ុន រ៉ឺនេសង់ មីនេីរ៉ល សម្រេចបាននេះ គឺបានចូលរួមចំណែកក្នុងការបង្កើនចំណូលថវិកាជាតិ ហើយ​កំពុង​បង្កើតបាននូវសមភាពជាតិគំរូថ្មីសម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែប្រកបដោយការទទួលខុសត្រូវ និង​ការ​អភិវឌ្ឍប្រកបដោយចីរភាព។

សូមជម្រាបជូនថា តំបន់អាជីវកម្មរ៉ែមាសអូរខ្វាវ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានចំណាយពេលវេលាអស់ជិត ១៤ឆ្នាំ ក្នុងការសិក្សាស្វែងរុករករ៉ែ ការសិក្សាវាយតម្លៃសមិទ្ធភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ និងការសិក្សាវាយតម្លៃគ្រប់ជ្រុងជ្រោយលើផលប៉ះពាល់បរិស្ថាន និងសង្គមនៃប្រតិបត្តិការអាជីវកម្មធនធានរ៉ែ ក្រុមហ៊ុនរ៉ឺនេសង់ មីនេីរ៉ល (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL របស់ប្រទេសអូស្រ្ដាលី។ គម្រោងអាជីវកម្មរ៉ែមាសនេះ បានផ្តល់ការងារសរុបចំនួន ៤៣៤ នាក់ ក្នុងនោះជនជាតិខ្មែរមានចំនួន ៣៤៧នាក់ (ក្នុងនោះស្រីចំនួន ៦១នាក់) និងជនជាតិបរទេសចំនួន ៨៧នាក់ (ក្នុងនោះស្រីចំនួន ៣នាក់)។

ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ត្រូវបានចាប់ផ្តើមពីពាក់កណ្ដាលឆ្នាំ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លារអាមេរិក ហើយត្រូវបានបញ្ចប់ និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២១៕