បណ្ឌិត ហ៊ុន ម៉ាណែត ណែនាំដល់សកម្មជនយុវជនបក្សCPPទាំងអស់ គប្បីអនុវត្តនូវគោលការណ៍ “៣គួរ និង ៣កុំ”

23

ព្រះវិហារ៖ «ចំពោះមុខនេះ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាកាន់តែខិតជិតមកដល់ សូមសកម្មជនយុវជនបក្ស ព្រមទាំងសមាជិក-សមាជិកាបក្សទាំងអស់ គប្បីអនុវត្តនូវគោលការណ៍ ៣ គួរ និង ៣ កុំ។ ៣គួររួមមាន៖ គួរទី១. យុវជនគួររក្សាជានិច្ចនូវស្មារតីយកប្រជាជនជាធំឱ្យស័ក្តិសមនឹងឈ្មោះ គណបក្សប្រជាជនកម្ពុជា, គួរទី២.គួរស្វែងយល់ឱ្យបានច្បាស់អំពីបុព្វហេតុ គុណតម្លៃ ក៏ដូចជាកម្មវិធីនយោបាយ និងទិសដៅនានារបស់គណបក្សដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងគួរទី៣.គួរមានស្មារតីបុរេសកម្មក្នុងការការពារ និងឆ្លើយតបចំពោះរាល់ការចោទប្រកាន់នានាគ្មានមូលដ្ឋានរបស់ក្រុមអគតិឬជ្រុលនិយមមួយចំនួន។ រីឯ ៣កុំ រួមមាន៖ កុំទី១.កុំបង្កនូវការថ្នាំងថ្នាក់ដល់ប្រជាជន, កុំទី២.កុំធ្វើអ្វីដែលជាការបំពានដល់គោលការណ៍ច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប. និងកុំទី៣.កុំបណ្តោយឱ្យមានសកម្មភាពណាមួយដែលប៉ុនប៉ងបំពានច្បាប់បោះឆ្នោត, បំផ្លាញការបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោត»។ នេះជាការថ្លែងបញ្ជាក់យ៉ាងច្បាស់ៗរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នៅថ្ងៃអាទិត្យទី១១ ខែមិថុនា ឆ្នាំ២០២៣។