ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

12

នៅព្រឹកថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនខ្សែទី២ក្នុងប្រទេសកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០២២កន្លងទៅនេះ។ ពិធីថ្ងៃស្អែកនេះ ក្រៅតែពីការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតហើយនោះ ក៏ភ្ជាប់ជាមួយនូវការបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ។

តាមការឲ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅក្នុងចំណោមសមិទ្ធផលជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោនាយករដ្ឋមន្ត្រី និងការចូលរួមចំណែកមិនអាចខ្វះបានពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ។

គម្រោងនេះនឹងត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ ដូចខាងក្រោម៖

-ក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ១០សង់ទីម៉ែត្រ និងថ្មលាយកៅស៊ូ(ATB) ១២ សង់ទីម៉ែត្រ ទទឹងតួផ្លូវ ២៤,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្ដធ្វើចរាចរណ៍ចំនួន ៤គន្លង (២គន្លងទៅ-២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ខឿនសួនចែកទិសចរាចរណ៍ នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២,៥ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រ ទាំងសងខាង។

-សាងសង់ស្ពានធំ និងស្ពានមធ្យមចំនួន ២៦កន្លែង ប្រវែងសរុប ២.២៦៦ម៉ែត្រ ស្ពានតូចចំនួន ១៦កន្លែង ប្រវែង សរុប ២៥៦ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៩៧កន្លែង។

-សាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange) ចំនួន ៥កន្លែង ផ្លូវរូងក្រោមដីទំហំធំ និងទំហំតូច ចំនួន ២០៤កន្លែង។

-សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាក(Service Area) ចំនួន ២កន្លែង ចំណតរថយន្ត(Parking Area) ចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវ(Maintenance Center) ចំនួន ៣កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៦កន្លែង។

-រៀបចំបំពាក់សម្ភារបរិក្ខារផ្លូវថ្នល់រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងរបាំងសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសរបស់ផ្លូវល្បឿនលឿន។

-ផ្លូវល្បឿនលឿននេះ អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរ ក្នុងល្បឿន រហូតដល់ ១០០ និង ១២០គីឡូម៉ែត្រ/ក្នុងមួយម៉ោង។

-គម្រោងនេះ នឹងរួមបញ្ចូលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដោយ រាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចលទ្ធកម្មដីសម្រាប់ទីតាំង និងសាងសង់ហេដ្ឋារចនា សម្ព័ន្ធឆ្លងកាត់ព្រំដែននេះ។

ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ  រាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តទិសចរាចរណ៍ (Interchange) ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបបត្តិការ -ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។

ដោយឡែកស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកាបដិភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។

គេហទំព័រ Facebook , បណ្តាញ Telegram និង YouTube សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 7:00 ព្រឹក៕