គណ:កម្មការទី៣ នៃរដ្ឋសភា និងក្រសួងបរិស្ថានជួបប្រជុំពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ

13

នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ គណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត បានជួបពិនិត្យពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ជាមួយតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសហការី ក៏ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា គណ:កម្មការជំនាញនានារបស់រដ្ឋសភាផងដែរ។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា គោលបំណងចម្បងនៃសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនេះ គឺប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្ម ឱ្យមានភាពជាក់ស្ដែងនិយម សង្គតិភាព វិសាលភាព និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទីភារកិច្ចរៀងៗខ្លួន ស្របទៅនឹងបរិបទរីកចម្រើននៃសង្គមកម្ពុជាថ្មី ជាពិសេសបានបំពេញបន្ថែម និងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់ពាក់ព័ន្ធនានា ដូចជា ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ភូមិបាល ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ។ល។

ឯកឧត្តមបន្តថា សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានតាក់តែងឡើងដោយផ្អែកលើ គោលការណ៍សំខាន់៣គឺ៖

(១).ការធ្វើសមាហរណកម្មនៃលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ

(២).លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិត្រូវបានធ្វើសុខដុមនីយកម្ម និង

(៣).លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាត្រូវបានធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងការវិវត្តន៍នៃសង្គម។

ហេតុនេះ សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ អាចដើរតួជាគោលការណ៍គ្រឹះ និងជាក្របខ័ណ្ឌរួមសម្រាប់ចូលរួមរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ និងសម្របសម្រួល ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតុល្យភាព ចំពោះបណ្តាបញ្ហាស្មុគស្មាញជាច្រើនដែលកំពុងបន្តកើតមានឡើងក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយសារអន្តរកម្មជិតស្និទ្ធជាមួយវិស័យផ្សេងៗជាច្រើន។