សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមជាមួយនិងម៉ូតូមួយគ្រឿងបន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ

109

ភ្នំពេញ ៖ ជនសង្ស័យវ័យក្មេងម្នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ របស់ប្រជាពលរដ្ឋ ដែលចតចោលនៅក្រោយផ្ទះ ក្នុងសង្កាត់ទួលសង្កែ១ បានសម្រេច តែរយៈពេល ២ ម៉ោងក្រោយមកត្រូវបានជាប់អន្ទាក់សមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។                                                              ម្ចាស់ម៉ូតូមានឈ្មោះ​ មួន​ ចែម​ អាយុ ៤១ ឆ្នាំមុខរបរកម្មករសំណង់មានស្រុកកំណេីតនីខេត្តពោធិ៍សាត់​ ស្នាក់នៅម្តុំវត្តទួលសង្កែភូមិទួលសង្កែ​ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូ ដែលជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួន បានដាក់ម៉ូតូនៅខាងក្រោមផ្ទះ ហើយខ្លួនបានចូលទៅហូបបាយ មួយសន្ទុះក្រោយមក ស្រាប់តែចេញមកវិញ ក៏បានបាត់ម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើល ឆោឡោឡើង បានតេទៅក្រុមហ៊ុនម៉ូតូឆែកឃើញតាម GPS ស្រាប់តែ GPS លោតឡើងនៅក្នុងមណ្ឌលសុខភាពចតុមុខ ដែលស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយសារតែជនសង្ស័យយកម៉ូតូមកផ្ញើនៅទីនោះ ភ្លាមៗនោះម្ចាស់ម៉ូតូក៏បានមកដល់ទីតាំងមណ្ឌលសុខភាពដែល GPS ចង្អុលបង្ហាញ ហើយមកដល់ ពិតជាឃើញម៉ូតូរបស់ខ្លួនមែន នៅពេលនោះរូបគាត់ បានរាយការណ៏ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងប្រជាការពារនៅទីនោះ ដើម្បីរង់ចាំជនសង្ស័យវិលត្រឡប់មកយកម៉ូតូវិញ នៅវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃ ខែឆ្នាំដដែល ជនសង្ស័យបានមកយកម៉ូតូវិញនៅពេលនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង ។

ជនសង្ស័យមានឈ្មោះ​ យ៉ុង ហេង​ អាយុ ១៧ ឆ្នាំមុខរបរ ហៅម៉ូយដាក់ឡាន មានស្រុកកំណើតនឹងស្នាក់នៅ​ នៅភូមិស្នាយពល ឃុំស្នាយពល ស្រុកពារាំង ខេត្តព្រៃវែង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ចំណែកឯម៉ូតូ ត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ ៕