នគរបាលខេត្តកណ្តាល បំបែកក្រុមចោរ ជនជាតិប៊ុលហ្គារី ចូលលួចគាស់ទូATM ពីរលើកមិនបានសម្រេច

15

ខេត្តកណ្តាល៖ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល​ និងមានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែន និងកម្លាំងផ្នែកជំនាញស្រុកអង្គស្នួល បានសហការណ៍ជាមួយកម្លាំងសង្កាត់បឹងទំពន់ទី១  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមចោរ ជនជាតិប៊ុលហ្គារី ចូលលួចគាស់ទូATM ចំនួនពីរលើក តែមិនបានសម្រេច ។

ហេតុការណ៌នេះបានធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២២និង៥០នាទី ចំណុចមុខរោងចក្រសាន់បេស ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ យ៉ង់ សុីនាង ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរបុគ្គលិកធនាគារ នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ០៣នាក់ ទី១ឈ្មោះ NIKOLAEV IVELIN DIMITROV ភេទប្រុស ឆ្នាំកំណើត07.11.1981 ជនជាតិប៊ុលហ្គារី កាន់ប៉ាស់ស្ព័រលេខ 388641350 ចុះថ្ងៃទី04-08-2022 ស្នាក់នៅសណ្ឋាគារ Labela Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ទី២ឈ្មោះ

TZVETANOV NIKOLAY ANDREEV ភេទប្រុស ឆ្នាំកំណើត27.06.1991 ជនជាតិប៊ុលហ្គារី កាន់ប៉ាស់ស្ព័រលេខ 387637795 ចុះថ្ងៃទី01-07-2021​ ស្នាក់នៅសណ្ឋាគារ Labela Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ   ទី៣ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE ភេទប្រុស ឆ្នាំកំណើត17.04.1997 ជនជាតិប៊ុលហ្គារី កាន់ប៉ាស់ស្ព័រលេខ 388075343 ចុះថ្ងៃទី17-04-2022​ ស្នាក់នៅសណ្ឋាគារ Labela Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ជនសង្ស័យទាំងបីនាក់ខាងលើស្នាក់នៅបន្ទប់លេខ២០២ ជាន់ទី២ ។

លោកស្នងការរងបានអោយដឹងទៀតថា ហេតុការណ៍លើកទី១ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣និង១០នាទី ជនរងគ្រោះបានទទួលដំណឹងតាមរយៈទូរស័ព្ទដៃពីបុគ្គលិក ដែលបំរើការងារក្នុងធនាគារ អេសុីលីដា សាខាឃុំបែកចានថា មានកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្នុងនៅកន្លែងទូATM ទីតាំងមុខរោងចក្រសាន់បេស ឃុំពើក មានសភាពស្រអាប់មើលមិនច្បាស់ ។ ភ្លាមនោះជនរងគ្រោះបានបញ្ជាឱ្យបុគ្គលិក ឈ្មោះ ជ័យ ចន្ទរស្មី ចុះទៅពិនិត្យមើលឃេីញថាកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្នុងមានគេយកប្រាយពណ៌ស មកបាញ់បណ្តាលឱ្យស្រអាប់មើលមិនឃើញ និងមានស្នាមគាស់លើទូATMផ្នែកខាងក្រោយ(មិនបានសម្រេច) បន្ទាប់មកក៏ចាប់ផ្តើមឆែកវីឌីអូក្នុងកាមេរ៉ាសុវត្ថិភាព។

យោងតាមការឆែកវីឌីអូក្នុងកាមេរ៉ាសុវត្ថិភាព ឃេីញថានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២២ និង៥០នាទី​ ស្រាប់តែឃើញជនសង្ស័យជាជនបរទេសចំនួន០២នាក់ប្រុស បានដើរចូលទៅក្នុងកន្លែងទូATM ហើយធ្វើសកម្មភាពយកប្រាយបាញ់លើកាមេរ៉ាខាងក្នុង​ មួយសន្ទុះធំ ក៏ដើរចេញទៅវិញបាត់ទៅ ។

ក្រោយពីឆែលកាមេរ៉ារួច​ ជនរងគ្រោះបានរាយការណ៍ទៅផ្នែកជំនាញស្រុក និងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ពើក ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលជុំវិញកន្លែងកើតហេតុ និងទទួលពាក្យបណ្ដឹងពីជនរងគ្រោះ​ ។

លុះដល់វេលាម៉ោង២២ និង២០នាទី​  ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពើក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបានចេញល្បាតក្នុងភូមិសាស្ត្រ ស្រាប់តែឃើញជនសង្ស័យទាំង០៣នាក់ជិះ

រថយន្តម៉ាកព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-6061 បើកបរដោយជនបរទេសម្នាក់ មកចតនៅចិញ្ចើមផ្លូវជាតិលេខ៤ ខាងលិចផ្សារអង្គស្នួលបន្តិច រួចជនសង្ស័យជាជនបរទេស០២នាក់ បានចុះដើរសំដៅទៅកន្លែងទូATM ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបាន ធ្វើការនាំខ្លួនជនសង្ស័យទាំង០៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុក និងពិនិត្យផ្ទៀងផ្ទាត់ភិនភាគជាមួយកាមេរ៉ាសុវត្ថិភាព​ គឺជាជនសង្ស័យដែលបានធ្វេីសកម្មភាពយកប្រាយបាញ់កាមេរ៉ានិងគាស់ទូATM  ។