សម្តេចតេជោ ហ៊ុន សែន មានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅកម្ពុជា បង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ

52

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ ដោយឡែកកន្ទក់សម្រាប់ផលិតជាចំណីសត្វ។

ការលើកឡើងរបស់សម្ដេចបែបនេះក្នុងជំនួបជាមួយឯកឧត្តម ថូរ ម៉ាតាន់ រួក (Taur Matan Ruak) នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើតនៅរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅក្នុងជំនួបសម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីបំណងរបស់សម្តេចចង់ឲ្យទីម័រខាងកើត ចូលជាសមាជិកពេញសិទ្ធិតែម្តងនៅអាស៊ាន ។

អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងទីម័រខាងកើត សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចចង់ឲ្យទីម័រមានសន្តិសុខស្បៀង។

សម្តេចបានបញ្ជាក់បន្ថែមថា ប្រសិនបើប្រទេសទីម័រឯកភាព កម្ពុជានឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។

ជាការឆ្កើយតបនាយករដ្ឋមន្រ្តីទីម៉រខាងកើត បានទទួលយកនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងសន្តិសុខស្បៀងនេះ ដើម្បីឲ្យមានការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀង៕