សម្ដេចតេជោ៖ កម្ពុជា មិនយកលុយ សម្រាប់គណៈប្រតិភូកីឡាស៊ីហ្គេម គឺដើម្បីទាញយកមនុស្សទាំងឡាយ ចូលមកស្គាល់កម្ពុជា, កម្ពុជាក្រ ប៉ុន្ដែបេះដូងធំ

61

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដបញ្ជាក់អំពីមូលហេតុ ដែលមិនយកលុយ ពីគណៈប្រតិភូកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីបង្ហាញពីសមានចិត្ដ និងទឹកចិត្ដដ៏ធំធេងរបស់កម្ពុជា ។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នាថ្ងៃទី១ ខែឧសភានេះសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការដែលមិនយកលុយ ពីគណៈប្រតិភូកីឡាស៊ីហ្គេម អ្វីដែលកម្ពុជាចង់បាន គឺចង់បង្ហាញទឹកចិត្ដមួយ ដូចដែលកម្ពុជា ធ្លាប់ធ្វើជួយនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam នៅកំពង់ផែព្រះសីហនុ។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំមិនធ្វើសត្រូវជាមួយលុយទេ ក៏ប៉ុន្ដែការដែលកម្ពុជា បង្កើតនូវការមិនយកប្រាក់ ក្នុងគោលបំណង ដើម្បីទាញយកមនុស្សទាំងឡាយ ចូលមកស្គាល់កម្ពុជា, កម្ពុជាក្រ ប៉ុន្ដែបេះដូងធំ។ លុយ៧លានដុល្លារ យើងចាយថែម ដើម្បីចិញ្ចឹមកីឡាករ-កីឡាការិនីបរទេស ហើយខ្ញុំជឿជាក់ថា នៅពេលស៊ីហ្គេមលើកក្រោយ នៅប្រទេសដទៃ គេក៏អត់យកលុយពីកម្ពុជាវិញ ផងដែរ» ៕