អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ដែលដកកាំភ្លើងបើកឡានតាមភ្ជង់យុវជនម្នាក់ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ

51

(ភ្នំពេញ)៖ បុគ្គលឈ្មោះ បែល វ៉ាន់ដែត អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបានដកកាំភ្លើងភ្ជង់អ្នកដទៃនោះ ត្រូវបានកម្លាំងនគរបាលរួមដៃគ្នាស្រាវជ្រាវឈានដល់ការចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ។

ប្រតិបត្តិការចាប់ខ្លួននេះ ធ្វើឡើងដោយកម្លាំងនាយកដ្ឋានកណ្ដាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខ។លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានប្រាប់បណ្ដាញព័ត៌មាន សារព័ត៌មាន ឲ្យដឹងថា «បុគ្គលឈ្មោះ បែល វ៉ាន់ដែត ដែលពាក់ព័ន្ធករណីដកកាំភ្លើងភ្ជង់អ្នកដទៃនោះ ត្រូវបានកម្លាំងជំនាញចាប់ខ្លួនបានហើយ»។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចប់តំណែងមន្ត្រីអាកាសចរស៊ីវិលម្នាក់នេះ ព្រោះតែការដកកាំភ្លើងភ្ជង់អ្នកដទៃរឿងស៊ីប្លេរថយន្ត។ មន្ត្រីអាកាសចរណ៍ស៊ីវិល ដែលសម្តេចតេជោ បានបញ្ចប់តំណែងនេះ ឈ្មោះ បែល វ៉ាន់ដែត ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ កុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់ បាននៅក្រៅឃុំមុនពេលកាត់ទោស ដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១៩៖៤០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ ឆែ វណ្ណម៉ូលីវ័ន្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិតបើករថយន្តចេញពីហូបអីនៅខណ្ឌទួលគោក សំដៅទៅផ្ទះនៅក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ លុះពេលមកដល់ក្លោងទ្វារច្រកចូលបុរី ស្រាប់តែលោក បែល វ៉ាន់ដែត អាយុ ៣៨ឆ្នាំ បានឈប់រថយន្តនៅពីមុខមិនព្រមទៅមុខ។ ជនរងគ្រោះ រង់ចាំប្រហែល៥នាទី ទើបស៊ីប្លេរថយន្តមួយដង និងបើកភ្លើងហ្វាជាច្រើនដង រួចក៏វ៉ារថយន្តជនសង្ស័យទៅមុន។