ប្លែកទៀតហើយ បុរសម្នាក់ផឹកស្រវឹង មិនដឹងខឹងអ្នកណា សុំអ្នកលក់ទឹកត្នោតជូរបាញ់ឡើងលើ ១គ្រាប់ រួចរើសសំបកកាទូស្ស គេចខ្លួនបាត់

72

ភ្នំពេញ៖ហេតុការនេះកើតឡើង កាលពីវេលាម៉ោ ៣៖០០រសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នៅរោងលក់ទឹកត្នោតជូរមួយកន្លែង ស្ថិតនៅតាមប្រឡាយភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបុរសម្នាក់ក្នុងចំណោមបក្សពួក៤នាក់ បានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ ដើម្បីបន្ធូរកំហឹង បង្កអោយមានការភ្ញាក់ផ្អើល។

ស្ត្រីអ្នកលក់ទឹកត្នោតជូរម្នាក់បាននិយាយថា នៅមុនពេលកើតហេតុ មានបុរស៤ជិះម៉ូតូ២គ្រឿងចូលមកកាន់រោងលក់ទឹកត្នោតជូររបស់គាត់ បន្ទាប់មក បានហៅឲ្យគាត់យកស្រាបៀរឲ្យផឹក ខណៈនោះក្រុមជនបង្កបានផឹមអស់៤កញ្ចែងស្មើនឹង១កេស ហើយបានស្រវឹងរៀងៗខ្លួន។

ស្ត្រីរូបនោះបានបន្តទៀតថា ដោយពុំដឹងថាខ្មាន់កាំភ្លើងម្នាក់នោះខឹងនរណាទេ ហើយបានដើរទៅជិតគាត់រួចនិយាយថា អ៊ីម្ចាស់ហាងខ្ញុំសុំ១គ្រាប់បន្ធូរកំហឹងខ្ញុំ។ ខណៈនោះគាត់បានឆ្លើយតបវិញថា«លោកពូខ្ញុំលក់ដូរ ខ្ញុំអត់មានឲ្យលោកពូឯងបន្ធូរកំហឹង មកបាញ់កន្លែងខ្ញុំលក់ដូរទេ ពេលនោះខ្មាន់កាំភ្លើងនិយាយបន្តថា អត់ទេខ្ញុំដឹងតែព្រលែង១គ្រាប់ហើយ និយាយរួចក៏ដកកាំភ្លើងបាញ់មេឃ១គ្រាប់ ដែលជាហេតុធ្វើឲ្យគាត់មានការភ័យខ្លាចយ៉ាងខ្លាំង ហើយគាត់បានក្រាបទៅលើដី ចំណែកខ្មាន់កាំភ្លើងបាញ់រួចហើយ ក៏រើសសំបកកាទូស្សគ្រាប់កាំភ្លើងដែលជ្រុះលើដីដាក់ហោប៉ៅ ហើយនាំគូកនជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ លោកប៉ាង លីដា អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ រួមជាមួយកម្លាំងប្រជាការពារសង្កាត់ និងភូមិ បានចុះទៅទីតាំងកើតហេតុដើម្បីស្វែងរកចាប់ខ្លួនក្រុមខ្មាន់កាំភ្លើងខាងលើមកផ្ដន្ទាទោសតាមច្បាប់ ៕