ដីព្រៃសហគមន៍ភូមិកប ត្រូវបានកាប់ទន្ទ្រានបំផ្លិចបំផ្លាញព្រៃឈើយ៉ាងរង្គាល ដើម្បីយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ពីសំណាក់អ្នកមានលុយ និងមានឃុបឃិតគ្នារវាងអាជ្ញាធរភូមិជាមួយមេឈ្មួញ!

40

ខេត្តរតនគិរី ៖ ព្រៃសហគមន៍ភូមិកប ត្រូវបានគេកាប់ទន្ទ្រានបំផ្លាញព្រៃឈើយ៉ាងរង្គាល ដើម្បីយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ពីសំណាក់អ្នកមានលុយម្នាក់ បន្ទាប់ពីប្រធានភូមិ បានឃុបឃិតជាមួយមេឈ្មួញ ញុះញង់ប្រជាសហគមន៍ក្នុងភូមិ ឲ្យព្រមព្រាងគ្នាលក់។

ព្រៃឈើសហគមន៍ជិត ៣០ហិកតា នៅភូមិកប ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ត្រូវបានលោក សាន់ ម៉ក់ ម្ចាស់ចំការកៅស៊ូ នៅជាប់ព្រៃសហគមន៍នោះទិញយក ហើយជួលគេកាប់ បន្ទាប់ពីលោក សាន់ ម៉ក់ ត្រូវរូវគ្នា ជាមួយលោកប្រធានភូមិ ហើយឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ លក់ឲ្យលោក សាន់ ម៉ក់។

លោក ព្រឿល នើន មេភូមិកប នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យអ្នកសារព័ត៌មានដឹងតាមទូរស័ព្ទថា  ដីសហគមន៍ចំនួន​ ២៧ហិកតានេះ បានលក់ម៉ៅទៅឲ្យ លោក សាន់ម៉ក់ ថៅកែចំការកៅស៌ូជាប់ព្រំនោះពិតមែនហើយ លក់ក្នុងតម្លៃ ៣មុឺនដុល្លារ សហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

ទើបទទួលលុយកក់ពីលោក សាន់ ម៉ក់បានចំនួន ៥ពាន់ដុល្លារប៉ុណ្ណោះ កំណត់ដល់ខែ៨ ឆ្នាំ២០២៣ ខាងមុខនេះ ទើបលោកសាន់ម៉ក់ប្រគល់អោយគ្រប់ចំនួន។ លោកមេភូមិបានបន្តថា  ការលក់ដីនេះ មានមូលហេតុ ទី១.ដោយសារប្រជាជនចាំបាច់ផ្នែកជីវភាព អត់មានមុខរបររកសុី ជីកត្បូងក៏ច្បាប់ហាមឃាត់ ទី២.ដីពិបាកការពារ​មានគេលួចទន្ទ្រានយកពីអ្នកជាប់ព្រំ។ ហើយលុយដែលលក់បានគឺចែកជូនប្រជាជនទាំងអស់គ្នា។​

ចំណែកអ្នកស្រី វ៉ន ចាន់ថន មេឃុំទីងចាក់ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នំា២០២៣​ បានឲ្យដឹងតាមទូរស័ព្ទថា  រឿងលក់ដូរដីសហគមន៍ភូមិកប លោកស្រីមិនបានដឹងនោះទេ លោកស្រីថា ពួកភូមិគេនាំគ្នាលក់ដូរតែគ្នាគេ  លោកស្រីគ្រាន់តែដឹងថាដីសហគមន៍នោះបានចុះបញ្ជីតាំងពីឆ្នាំពីរពាន់ជាងមកម្លេះ(អ្នកស្រីមិនចាំ) ដោយអង្គការយូនីស្កូ UNISCO និងអង្គការ ការពារសហគមន៍ខ្មែរលើ ប៉ុន្តែឯកសារនោះ លុះត្រាតែលោកមេឃុំចាស់ទើបដឹង។

 

ពាក់ព័ន្ធឈ្មួញទិញដីព្រៃសហគមន៍កាប់រានបំផ្លាញព្រៃឈើខាងលើនេះ លោក កង សារឿន អភិបាលស្រុកបរកែវ បានឲ្យដឹងថា លោកបានចាត់កម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើ  ដែលដឹកនាំដោយអភិបាលរងស្រុកចុះទៅទីតាំងដីសហគមន៍ ដែលកំពុងកាប់រាននោះតែម្តង។

លោក កែវ វុធ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ   បានបញ្ជាក់ថា លោកបានចុះទៅទីតាំងដីសហគមន៍នោះហើយ និងបានធ្វើកំណត់ហេតុបញ្ជូនរួចរាល់អស់ហើយ។​

រីឯលោក​សាន់ម៉ក់ ជាឈ្មួញទិញដីសហគមន៍នោះ​អ្នកសារព័ត៌មានបានខលទៅជួបលោក ថា​កំពុងព្យាបាលជម្ងឺនៅប្រទេសថៃ។​

ទោះជាយ៉ាងណា មានមតិប្រជាពលរដ្ឋជាច្រើនដែលមិនពេញចិត្តនិងសកម្មភាពរបស់មេភូមិ  មេសហគមន៍ភូមិកប​ខាងលើ  បានទទូចស្នើសុំថ្នាក់ដឹកនាំកុំអោយមានការលក់ដូរដីសហគមន៍ ដែលសេសសល់បន្តទៅឲ្យក្រុមឈ្មួញអី សូមរក្សាវាទុកជាកេរ្តិ៍ដំណែលសំរាប់ប្រើប្រាស់ផលអនុផលច្រើនយ៉ាងដល់កូនចៅជំនាន់ក្រោយ។

ពួកគាត់សំណូមពរ សូមឲ្យបើកការស៊ើបអង្កេតទៅលើបុគ្គលពាក់ព័ន្ធ(មេខ្យល់) ដែលបានញុះញង់ប្រជាសហគមន៍ថា បើមិនលក់គង់តែរដ្ឋយកវិញដដែល ទាំងអ្នកលក់ និងអ្នកទិញ​ យកមកផ្តន្ទាទោសទៅតាមច្បាប់អោយខាងតែបាន៕