សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តគិរីឧត្តមអាដោល

29

១. សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលកើតមានក្នុងទីអារាម ដែលមានអាយុកាលជាង ១៤០ ឆ្នាំមួយនេះ និងសូមអរគុណចំពោះពុទ្ធបរិស័ទ្ធជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លាចូលរួមបន្តកសាងកេរដំណែលពីបុព្វបុរសយើង ជាប្រយោជន៍បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយៗទៀត។ ទាំងនេះពិតជាបានបង្ហាញច្បាស់អំពីការប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌ចែករំលែក ដែលដូនតារបស់យើងបានប្រៀនប្រដៅតាំងពីដើមរៀងមក ក្រោមបរិយាកាសនៃកត្តាសុខសន្តិភាព និងសេរីភាពពេញលេញ ព្រមទាំងការបង្កលក្ខណៈគ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងធ្លុងសាមគ្គីភាពជាតិខ្មែរ។

២.  សាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមបណ្តុះបណ្តាលអប់រំចិត្តគំនិត និងអាកប្បកិរិយាប្រកបដោយគុណធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ដែលអាចផ្តល់ផលដល់បុគ្គលជាអ្នកប្រតិបត្តិផ្ទាល់ ក៏ដូចជាសង្គមជាតិទាំងមូល ដោយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការកសាងនូវធនធានមនុស្សប្រកបដោយគុណភាព និងគតិបណ្ឌិត ដើម្បីចូលរួមក្នុងដំណើរការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។

៣. ក្នុងចំណោមសមិទ្ធផលជាច្រើនរបស់ សម្តេចតេជោ ដែលបានកសាងក្នុងរយៈពេលជាង ៤០ឆ្នាំ កន្លងមកនេះ កេរដំណែលចម្បងបំផុត គឺការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជន។ ហើយសម្រាប់ពេលបច្ចុប្បន្ន និងបន្តទៅអនាគត សម្តេតេជោ មានមហិច្ឆតា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ដែលបច្ចុប្បន្នជាប្រទេសមានចំណូលមធ្យមកម្រិតទាប ឱ្យក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដូចទៅនឹងបំណងប្រាថ្នារួមរបស់ប្រជាជនកម្ពុជាទាំងអស់ផងដែរ។ ដូច្នេះ ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះ សម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បន្តបម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ចនិរន្តន៍។